ព័ត៌មានជាតិ

ករណីភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ​បណ្តាលឲ្យផ្ទះ​ពលរ​ដ្ឋ​ជាង​៤០​ខ្នង​ រងការខូចខាត​

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជាង​៤០​ខ្នង​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ បាន​រង​ការ​ខូចខាត​ធ្ងន់​ស្រាល​ដោយសារ​ខ្យល់​កន្ត្រាក់​ នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ ។​

អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ បាន​ឲ្យ​ដឹង​ថា​ នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ​ មាន​ភ្លៀង​ផ្គរ​ រន្ទះ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​ បណ្តាល​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣​សង្កាត់​ បាន​រង​នូវ​ការ​ខូចខាត​ធ្ងន់​ និង​ស្រាល​ សរុប​ចំនួន​៤៥​ខ្នង​ ស្ថិត​ក្នុង​សង្កាត់​ចំនួន​៣​រួម​មាន​៖​ ១-​សង្កាត់​អូរ​អំបិល​ ចំនួន​១​ខ្នង​,​ ២-​សង្កាត់​ព្រះ​ពន្លា​៣៤​ខ្នង​ និង​៣-​សង្កាត់​កំពង់ស្វាយ​ ចំនួន​១០​ខ្នង ​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្នុង​ករណី​នេះ​ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ខូចខាត​តែ​ផ្ទះ​ប្រជាពលរដ្ឋ​និង​ដើមឈើ​មួយ​ចំនួន​ ៕​

មតិយោបល់