កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២២ មានករណីធ្វើអោយខូចខាត ដោយចេតនា (ដុតផ្ទះ) នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ(ម្តាយបង្កើត)ឈ្មោះ ប៉ែន សុភី ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់លៀសហាល ។ ជនសង្ស័យ (កូនបង្កើត) ឈ្មោះ វឿន ចិន្តា ហៅដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
សម្ភារ:ខូចខាត៖ ឆេះសម្ភារ:ប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន និងឆេះរោលខ្លោចជញ្ជាំងថ្មផ្ទះផងដែរ ។
នៅមុនពេលកើតហេតុ ជនសង្ស័យជាកូន បានសុំខ្ចីលុយពីជនរងគ្រោះ ជាម្តាយចំនួន១០០០ដុល្លារ ដើម្បីយកទៅធ្វើដើមរកស៊ី តែម្តាយមិនអោយធ្វើអោយជនសង្ស័យខឹង ហើយនៅវេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាព ដុតសម្ភារ:នៅក្នុងផ្ទះ បណ្តាលអោយឆេះខូចខាតអស់មួយចំនួន រួចរត់គេចខ្លួនបាត់តែម្តង ។ លុះដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី ជនសង្ស័យបានមកអុកឡុករករឿងម្តងទៀត ទើបជនរងគ្រោះប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលតាខ្មៅ អោយជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដុតផ្ទះជនរងគ្រោះជាម្តាយពិតប្រាកដមែន បន្ទាប់មកជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕



មតិយោបល់