ព័ត៌មានជាតិ

បទល្មើសនេសាទ កំពុងតែកើតមានយ៉ាងអណាធិបតេយ្យនៅស្រុកពាមរក៍

ព្រៃវែងៈ រាល់ថ្ងៃនេះគេសង្កេតឃើញថា បទល្មើសនេសាទ កំពុងតែកើតមានយ៉ាងស្អេកស្កះ នៅក្នុងបឹងក្អែក បឹងផ្សោត និងតាមព្រែក នាភូមិដែលនៅជុំវិញទីនោះដូចជាភូមិបាទី ភូមិពាមរក៍ និងបឹងក្អែក ។ល។ ស្ថិតនៅក្នុងឃុំចំនួន២ គឺឃុំពាមមានជយ័ និងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ប្រភពពីប្ដីប្រពន្ធដែលនេសាទជាលក្ខណៈគ្រួសារ គឺបង់សំណាញ់តាមទូកបានឲ្យអ្នកយកព័ត៌មានយើងដឹងថា របាំងព្រួលដែលមើលទៅឃើញស្អេកស្កះនេះគឺជារបស់អ្នកភូមិនៅម្ដុំនេះ ហើយអ្នកដែលប្រើព្រួលវែងគឺចំណាយដើមទុន ចាប់១លានរៀល ទៅ៣លានរៀលឯណោះ។ ពួកគាត់បានបន្តថា ប៉ុន្តែខាងជលផល មិនបានបង្ក្រាបនោះទេ ដោយបានមកយកតែលុយហើយទៅវិញបាត់ ហើយរាល់បទល្មើសទាំងអស់មិនដែលចន្លោះភ្នែកជលផលឡើយ អ្នកណាធ្វើអី! ប្រើឧបករណ៍ប្រភេទណា! ឬដាក់ស្បៃមុងវែងខ្លី! គេស្គាល់ទាំងអស់ ព្រោះមានបណ្ដាញនៅទីនេះបើមាននរណាម្នាក់ដាក់ឧបករណ៍នេសាទខុសច្បាប់ដោយមិនរត់ការមុនទេ ទូរសព្ទភ្លែតដឹងភ្លាម។

ពួកគាត់បានបន្តទៀតថា ភូមិសាស្ត្រ បឹងផ្សោត បឹងក្អែក និងព្រែក នេះគឺបទល្មើសនេសាទច្រើនណាស់ ដូចជាឆក់ក្ដៅ ឆក់ច្រជាក់ មងបង្ក្រាប ចិញ្ចឹមត្រីរ៉ស់ត្រីឆ្ដោរ ដៃដោយប្រើមុខធំៗ ស្បៃមុងដែលរាយ ព្រួលវែងចាប់ពី៣០០ម៉ែត្រ ទៅ១០០០ម៉ែត្រ ក្នុងម្នាក់ៗ ឯរ៉ៃសាច់សំណាញ់ក៏ដូច្នេះដែរ ព្រួលវែងមើលដាច់កន្ទុយភ្នែក ពីមាត់បឹងម្ខាងទៅម្ខាង ខ្វែងខ្វាត់ច្រើនណាស់ ជាហេតុដែលពិបាកបើកទូក ទាល់តែឧស្សាលើកស្លាបចក្រ មិនដូច្នេះទេស្លាបចក្រ កាត់ដាច់ព្រួលឬលបមិនខានព្រោះដាក់ច្រើនជាន់ពេញបឹងនិងព្រែក។

ឆ្លើយតបនិងការចោទប្រកាន់នេះដែរ លោក ហ៊ុន សាវី នាយសង្កាត់រដ្ឋបាលជលផលស្រុកពាមរក៍បានបកស្រាយតាមទូរសព្ទថា បទល្មើសនោះតិចទួចពិបាក បង្ក្រាបណាស់ជិតបោះឆ្នោត។

ដោយឡែកលោក ភុន សម្ផស្ស អភិបាលស្រុកពាមរក៍ បានឲ្យដឹងថា ពាក់ពន្ធ័បទល្មើសខាងលើ លោកបានដាក់ផែនការឲ្យមន្ត្រីជំនាញបង្ក្រាប ហើយឃើញតែរបាយការណ៍ ដល់ភាពជាក់ស្ដែងលោកក៏ទទួលស្គាល់ដែរថា នៅតែមាន។

ទោះបីជាយ៉ាងណា បទល្មើសនេសាទ ពាសពេញផ្ទៃទឹកនេះ ពលរដ្ឋដែល នេសាទជាលក្ខណៈគ្រួសារ បានសូមណូមពរដល់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង មេត្តាមានវិធានការបង្ក្រាបបទល្មើសទាំងនេះផង ដើម្បីឲ្យមច្ឆារជាតិរស់នៅសម្រាប់បន្តពូជទៅថ្ងៃខាងមុខទៀត៕

https://youtu.be/1gMvXr17qmo

មតិយោបល់