ព័ត៌មានជាតិ

កម្លាំងនគរបាលស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី សរុបចំនួន ២៦នាក់ ជាមុខសញ្ញាឆក់ទូរស័ព្ទដៃកក្រើក នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល០២ថ្ងៃនេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវជនសង្ស័យប្រុស ស្រី ជាមុខសញ្ញាឆក់និងឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន២៦នាក់ រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលពត៌មានពីជនរងគ្រោះ ថាមានករណីចោរបានឆក់ទូរស័ព្ទរបស់ខ្លួនម៉ាកអាយហ្វូន១២ប្រូមែក ពណ៌ខៀវ នៅចំនុចខាងលិចហាងប្ដូរប្រាក់ ហេងម៉េត នៅផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ។ បន្ទាប់ពីបានទទួលព័ត៌មាននោះមក កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកកាំម៉េរ៉ាសុវត្ថិភាព។ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ៣ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត និងម៉ូតូ១គ្រឿងម៉ាក MOOVE ពណ៍ក្រហម ។ ក្រោយពីឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យទាំង ០៥នាក់នេះមក កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៤នាក់ បន្ថែមទៀត និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ ។

លោកអធិការបានបញ្ជាក់ទៀតថា៖​ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់នោះមក នៅថ្ងៃដដែលគឺថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវករណីឆក់ទូរស័ព្ទឃាត់ខ្លួន បានជនសង្ស័យចំនួន៥នាក់ បន្ថែមទៀត ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ដែលកម្លាំងជំនាញតាមប្រម៉ាញ់យូរហើយ ។ជនសង្ស័យទាំង០៥នាក់នេះ ឃាត់ខ្លួននៅចំនុចផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ១៤ជាន់ទី១ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ព្រមទាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមទៀតថា៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៣រសៀល កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបន្តស្រាវជ្រាវឃាត់ខ្លួន មុខសញ្ញាចោឆក់ប្រុស ស្រី បានមួយក្រុមបន្ថែមទៀត ដែលមានគ្នីគ្នាចំនួន ១២នាក់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បន្ទាប់មកកម្លាំងជំនាញ បានធ្វើតេស្តទឹកនោមស្វែងរកសាធាតុញៀនលទ្ធផលវិជ្ជមាន(+)ទាំងអស់គ្នា ។ ចំពោះវត្ថុតាងទូរសព្ទជនរងគ្រោះ០១គ្រឿងដកហូតបាន នគរបាលបានប្រគល់ជូនម្ចាស់ដើមវិញ។ ជនសង្ស័យប្រុស ស្រី ទាំង២៦នាក់ កម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមន៌តិវិធី ៕

មតិយោបល់