ព័ត៌មានជាតិ

រថយន្តធំតូច ៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២១ មានករណីរថយន្តធំតូច ៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខមុខរណ្ដៅដីតាកៅ ភូមិកប់ស្រូវធំសង្កាត់ គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញរថយន្តម៉ាក ព្រូស ពណ៌ប្រផេះ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ពីលិចទៅកើតស្របពេលនោះ មានរថយន្ត ២គ្រឿងទៀត ធ្វើដំណើរពីក្រោយស្របទិសគ្នាដោយរថយន្តដឹកឥដ្ឋម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0606 បើកនៅពីមុខរថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4226 ខណៈពេលធ្វើដំណើរដល់កន្លែងកើតហេតុ គេឃើញរថយន្តមិនចាំម៉ាកធ្វើដំណើរស្របគ្នានៅពីមុខរថយន្តម៉ាក ព្រូស ហើយរថយន្តនោះបានបត់ត្រឡប់ក្រោយភ្លាមៗ បង្កឲ្យរថយន្តម៉ាកព្រូសបានបង្អង់ឈប់ ស្រាប់តែរថយន្តដឹកទំនិញធ្វើដំណើរខាងក្រោយគេបានជ្រុលចង្កូតទៅបុកគូទរថយន្តដឹកឥដ្ឋ ជ្រុលទៅមុខបុកគូថរថយន្តម៉ាកព្រូស បណ្តាលអោយរងការខូចខាតរថយន្តទាំង ៣គ្រឿង បន្ទាប់ពីកើតហេតុរថយន្តបត់ខាងមុខគេបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំង ៣គ្រឿង ដាក់អែបខាង ដើម្បីឲ្យភាគីម្ចាស់រថយន្តទាំង ៣គ្រឿង ធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ដោយខាងរថយន្តហ៊ីយ៉ាន់ដាយពណ៌ខៀវ ចេញថ្លៃជួសជុលការខូចខាតចំនួន ៩៦៥ដុល្លារទៅភាគីរថយន្តព្រូស ចំណែករថយន្តហ៊ីយ៉ាន់ដាយពណ៌សសុំរួចខ្លួន៕

មតិយោបល់