ព័ត៌មានជាតិ

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ករណីបើកម៉ូតូឆ្លងផ្លូវបុករថយន្ត

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍០១ម៉ូតូឆ្លងផ្លូវបុករថយន្ត ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៦–១៩៧ ស្ថិតក្នុងភូមិក្រពើរោទិ៍ឃុំស្នាមព្រះ ស្រុកបាកាន កាលពីវេលាម៉ោង ១៤និង២៥នាទី រសៀលថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវបុកចំទ្វាររថយន្តផ្នែកខាងស្តាំ នៃរថយន្តម៉ាក ហ៊ីយ៉ិនដាយ ២តោនកន្លះ ក្បាលពណ៌ស ទ្រង់ពណ៌ពងក្រសារ ពាក់ស្លាកលេខ កំពង់ចាម3A-0879 បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយឃើញហេតុការណ៍ដូចនេះប្រភព បានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីគ្រោះថ្នាក់កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះជួយអន្តរាគមន៍ សម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ នៅលើដងផ្លូវ ចំពោះជនរងគ្រោះឈ្មោះ អង ដា ភេទប្រុស អាយុ ៣៩ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅក្នុងភូមិ.ឃុំកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ៕

មតិយោបល់