ព័ត៌មានជាតិ

រថយន្តកូរ៉េបុកគូទកុងតាន័រពេញទំហឹង បណ្តាលឲ្យរងការខូចខាត សំណាងមិនមានមនុស្សរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តកូរ៉េដឹកក្រណាត់ បានបើកបុកគូទរថយន្តសណ្តោងទូកុងតាន័រ ដែលបើកនៅខាងមុខ រួចបន្ថយល្បឿន ដោយមានរថយន្តនៅខាងមុខ មួយគ្រឿងទៀតកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តកូរ៉េរងការខូចខាត ផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ សំណាងមនុស្សរបួសស្រាល ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តសណ្តោងទូកុងតាន័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-5224 ដែលបើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ដំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដែលនៅខាងមុខបានបើកឆ្លងផ្លូវ ព្រោះជាចំណុចផ្លូវឆ្លង ទើបរថយន្តសណ្តោងទូកុងតាន័របន្ថយល្បឿន ស្របពេលនោះ ក៏មានរថយន្តកូរ៉េដឹកក្រណាត់ ដែលពាក់ស្លាកលេខភ្នំពេញ 3C-8691 បើកស្របទិសមកពីក្រោយ ហ្រ្វាំងមិនទាន់ បណ្តាលឲ្យមកបុកកន្ទុយរថយន្តសណ្តោងទូកុងតាន័រយ៉ាងពេញទំហឹង សំណាងមនុស្សរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង រួចយករថយន្តទាំងដាក់ខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងឲ្យធ្វើការដោះស្រាយគ្នាមួយជំហានសិន ៕

មតិយោបល់