ព័ត៌មានជាតិ

ទៅពេទ្យមិនទាន់ ជួបអកុសល….

ភ្នំពេញៈ ស្ត្រីវ័យ៦៤ឆ្នាំម្នាក់ មានអាការៈមិនស្រួលខ្លួន សង្ស័យថាមកពីជំងឺរើឡើង បានដើរសំដៅទៅមន្ទីរពេទ្យ តែមិនទាន់ដល់ពេទ្យផង ក៏ស្រែកអូយៗ ស្រាប់តែដាច់ខ្យល់ស្លាប់នៅលើគ្រែ ក្នុងផ្សារក្រមួនតែម្ដង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី១១​ ខែមិនា​ ឆ្នាំ​២០១៩​ នៅលើគ្រែចិញ្ចើមផ្លូវផ្សារក្រមួន រំលងផ្លូវម្ខាងនៃផ្ទះពេទ្យ ក្នុងសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ស្ត្រីខាងលើឈ្មោះ យ៉ែម​ ឡាប​ អាយុ៦៤​ឆ្នាំ​ មុខរបរកោសខ្យល់ និងចាប់សសៃ មានទីលំនៅភូមិឃ្លាំងមឿងជើង​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្ដាល​មានកូនស្រីម្នាក់ ឈ្មោះ វី​ សំណាង អាយុ៤១ឆ្នាំ ជាកសិកររស់នៅជាមួយគ្នា។

ប្រភពព័ត៌មានពីស្ត្រីវ័យ៦១ឆ្នាំ​ឈ្មោះ សេង ហ៊ន ដែលជូមរងគ្រោះមកពេទ្យ ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ហើយគាត់ស្រែកថា ស្ទះហើយស្ទះហើយ រួចជនរងគ្រោះ ក៏កោសខ្យល់ដោយខ្លួនឯង នៅតែមិនស្រួលទៀត ទើបជនរងគ្រោះបបួលអុំស្រី ឲ្យជូនមកពេទ្យ ខណៈនាំគ្នាដើរមកជិតដល់ពេទ្យហើយ មើលទៅមិនទាន់ឃើញបើកទ្វារផង ជនរងគ្រោះក៏ប្រាស់ដេកនៅលើគ្រែ ក្នុងផ្សារក្រមួនដោយស្រែកថា អួយៗប្រមាណ១០នាទី ក៏បាត់មាត់ស្ងាត់ឈឹង ខណៈអុំស្រីដែលរួមដំណើរជាមួយកំពុងទៅហៅពេទ្យ ទើបដឹងថា ជនរងគ្រោះមេស្លាប់បាត់ហើយ។

តាមការឲ្យដឹងពីកូនស្រីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ម្តាយរបស់គាត់ មានឈឺជំងឺបេះដូងអស់រយៈពេល៤ឆ្នាំហើយ។ តាមការពិនិត្យ និងសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារជំងឺគាំងបេះដូង រួចបានប្រគល់សពឲ្យកូនស្រី យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់