ព័ត៌មានជាតិ

រថយន្តសណ្តោងទូរកុងតឺន័រមិនចាំស្លាកលេខបុកម៉ូតូ បណ្តាលឲ្យមនុស្សរងរបួស រួចបើកគេចបាត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿង បានបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកបររបួសបែកប្រអប់ដៃ រួចរថយន្តបើកគេចដោយគ្មានទំនួលខុសត្រូវបន្តិចសោះ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស វន្ថន ភេទស្រុស ស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះធ្វើដំណើរដោយម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-3979 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ ក៏មានរថយន្តប្រភេទសណ្តោងទូរកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបានបើកឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យបុកគ្នាអ្នកបើកបរម៉ូតូរងរបួសបែកប្រអប់ដៃ បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ រីឯរថយន្តក្រោយកើតហេតុភ្លាមៗបានបើកគេចបាត់ស្រមោល ដោយគ្មានទំនួលខុសត្រូវបន្តិចសោះ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានចុះដល់ទីតាំងនិងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់