ព័ត៌មានជាតិ

លួចម៉ូតូបាន១យប់ ព្រឹកឡើងម្ចាស់ឃើញឃាត់បានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាពលរដ្ឋនិងម្ចាស់ម៉ូតូ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីលួចម៉ូតូបានសម្រេច មួយយប់ហើយ តែព្រឹកឡើងត្រូវម្ចាស់ប្រទះឃើញ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែរផ្សារព្រៃទា ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់បានមានឈ្មោះ តឿ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្តុំសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មានទីលំនៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះមានឈ្មោះ យឹម យ៉ាន់ អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូដែលក្រុមជនសង្ស័យលួច ប្រភេទម៉ូតូវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-1492 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះមកពីធ្វើការដូចធម្មតា រួចទុកម៉ូតូនិងចាក់សោ ដាក់នៅខាងក្រោម ដែលជាកន្លែងទុកជាយូរណាស់មកហើយ រួចឡើងទៅសម្រាក រហូតមកដល់ព្រឹកថ្ងៃទី១២ នេះដល់ម៉ោងចេញទៅធ្វើការ ចុះមកស្រាប់តែបាត់ម៉ូតូ មិនដឹងថាចោរលួចបាត់ពីពេលណា រួចក៏រកម៉ូតូឌុបជិះទៅសុំច្បាប់នៅឯរោងចក្រ លុះវិលមកពីរោងចក្រវិញ ស្រាប់តែប្រទះឃើញម៉ូតូ នៅខាងលិចផ្សារព្រៃទា ស្រែកឆោឡោ ផ្អើលពលរដ្ឋដេញចាប់បានជនសង្ស័យម្នាក់ ចំណែក២នាក់ទៀតរត់បាត់ ។

បច្ចុប្បន្នជនសង្ស័យដែលឃាត់បាន ត្រូវសមត្ថកិច្ចនាំទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ រួមជាមួយជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញបន្ត ៕

មតិយោបល់