ព័ត៌មានជាតិ

កុមារីពីរនាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកតៃកុងរងរបួសស្រាល

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កុមារីពីរនាក់ រងរបួសធ្ងន់ និងអ្នកបើកបររថយន្តរងរបួសស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកក្មេងដើរឆ្លងថ្នល់ ករណីនេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៥-៨៦ ស្ថិតនៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៩និង២០ នាទីព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្មេងស្រីពីរនាក់ដើរតាមចិញ្ចើមផ្លូវ មកដល់ចំណុចកើតហេតុ បានរត់ឆ្លងផ្លូវ ពីជើងទៅត្បូង ខណៈនោះមាន រថយន្តម៉ាក TOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2B-7919 ធ្វើដំណើរពីលិចទៅកើត បានបុកក្មេងស្រីទាំងពីរ បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបានធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាលផងដែរ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងបានបញ្ជូនជនរងគ្រោះទាំងពីរនាក់ ទៅសង្រ្គោះនិងព្យាបាលមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ក្មេងស្រីរងគ្រោះ ទី១ឈ្មោះ ង៉ែត រក្សា ភេទស្រី អាយុ ០៧ ឆ្នាំ សិស្ស រងរបួសធ្ងន់ និងទី២ឈ្មោះ កែប សុវណ្ណារ៉ា ភេទស្រី អាយុ ០៦ឆ្នាំ សិស្ស រងរបួសធ្ងន់ ក្មេងទាំងពីរនាក់ រស់នៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តមានឈ្មោះ សាង ឧត្តម ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរអ្នកបើកបរតាក់ស៊ី រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រងរបួសស្រាល ។

លោកអធិការបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កមកពីកត្តាក្មេងរត់ឆ្លងផ្លូវគ្មានការប្រុងប្រយ័ត្ន និងកត្តាប្រើប្រាស់ល្បឿនតុល្យភាព នៃការខូចខាត របួសមនុស្ស០៣នាក់ ស្រី០២នាក់ ខូចរថយន្ត០១គ្រឿង វត្ថុតាងនិងអ្នកបើកបររថយន្ត សមត្ថកិច្ចបាននាំយកមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ៕

មតិយោបល់