ព័ត៌មានជាតិ

ម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានករណីម៉ូតូមួយគ្រឿង បើកបុកពីក្រោយរថយន្ត ស្ថិតត្រង់ចំណុចទល់មុខក្រសួងពាណិជ្ជកម្មតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BP-6892 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្ត ក៏បានបត់ឆ្វេងត្រឡប់ទៅក្រោយវិញ ខណៈពេលដែលបត់បានបន្តិចក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាស្គុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-0989 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីពីរនាក់ ធ្វើដំណើរស្របទិសដៅគ្នា និងក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុកចំពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតទៅផ្លូវម្ខាងទៀតរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ និងបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យលើខ្លួនជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ មានឈ្មោះ ថន ចន្ធីម ភេទស្រី។ បន្ទាប់មកដោយមិនទាន់អាចស្វែងរកសាច់ញាតិឃើញ សមត្ថកិច្ចក៏បានប្រគល់ឲ្យរថយន្តដឹកសព ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង វាស់វែងរួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់