ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសៀមរាប​ បង្រ្កាបជនសង្ស័យ០៣នាក់​ ករណីគាស់ហាងយីហោ​ ពីង ពីង យកទូរស័ព្ទ

សៀមរាប:​ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣និង២០នាទី​យប់ នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ​ ពីង ពីង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទូរស័ព្ទ) របស់ជនរងគ្រោះឈ្មោះ ហ.ស.ណ ភេទស្រី អាយុ ២៨ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទដៃខាងលើ មានទីលំភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ខណ:ពេលដែល ជនរងគ្រោះមិននៅ​ បិទហាងលក់ទូរស័ព្ទចេញទៅដេកនៅផ្ទះមួយទៀត ស្ថិតនៅភូមិភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

បាត់បង់រួមមាន៖ ទូរស័ព្ទដៃចំនួន១០គ្រឿង៖
-ទូរស័ព្ទម៉ាកiphone 7plus​ ចំនួន​ ០១គ្រឿង
-ទូរស័ព្ទម៉ាក់ one plus 6T​ ចំនួន ០១គ្រឿង
-ទូរស័ព្ទម៉ាកwiko tommy 3plus ចំនួន ០៤គ្រឿង
-ទូរស័ព្ទម៉ាក Hot way M6 ចំនួន ០៣គ្រឿង
-ទូរស័ព្ទដែលអតិថិជនយកមកជួសជុលចំនួន ០១គ្រឿង ម៉ាក6Plus ពណ៌ទឹកប្រាក់ និងឧបករណ៍ សាកថ្មទូរស័ព្ទ​ ចំនួន០២គ្រឿង ខែ្សសាកថ្មទូរស័ព្ទចំនួន​ ០៤ខ្សែ ។

បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ហើយក៏កំណត់មុខសញ្ញាបាន រួចស្វែងរក និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅកន្លែងលេងហ្គេម ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ។

ទី១.ឈ្មោះ សាត សាមីង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប​ ។ (មានសារធាតុញៀនក្នុងខ្លួន)​ ។ ទី២.ឈ្មោះ លឿន ដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង មានទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប ។ (មានសារធាតុញៀនក្នុងខ្លួន)​ ។ ទី៣.ឈ្មោះ រៀម សារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើត ភូមិហាមទេព ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប (ជាមុខសញ្ញាទើបចេញពីពន្ធនាគារ) យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

ដោយជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានដើរចេញពីផ្ទះរបស់ឈ្មោះ លឿន ដារ៉ូ ភេទប្រុស ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប មកដល់ត្រង់ចំណុចហាងលក់ទូរស័ព្ទយីហោ ពីង ពីង ស្ថិតនៅខាងលិចស្ថានីយប្រេងឥន្ទន:តេលា ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ហើយបានដើរចូលតាមប្រឡោះ ក្បែរបង្គោលភ្លើងជាប់ហាងលក់ទូរស័ព្ទរបស់ ជនរងគ្រោះ យកដៃទាញហែកស័ង្កសី​ ទ្វារហាង រួចជនសង្ស័យឈ្មោះ សាត សាមីង ភេទប្រុស បានលូនចូលក្នុងហាងលួចយកទូរស័ព្ទ ចំណែកជនសង្ស័យឈ្មោះ រៀម សារ៉ូ ជាអ្នកចាំឈោងយកទូរស័ព្ទ រីឯជនសង្ស័យឈ្មោះ លឿន ដារ៉ូ ជាអ្នកចាំមើលផ្លូវ ។

វត្ថុតាងដកហូតបានរួមមាន៖
-ទូរស័ព្ទម៉ាក iphone 6plus ចំនួន ០១គ្រឿង
-ទូរស័ព្ទម៉ាក Iphone 7plus ចំនួន ០១គ្រឿង
-ទូរស័ព្ទម៉ាក Hotwav ចំនួន ០២គ្រឿង និងឧបករណ៍ សាកថ្មទូរស័ព្ទ ចំនួន ០១គ្រឿង ។

ដោយឡែកជនសង្ស័យឈ្មោះ រៀម សារ៉ូ ភេទប្រុស ក៏បានឆ្លើយសារភាពបន្ថែមថា កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង៣៥នាទីយប់ រូបគេធ្លាប់បានធ្វើសកម្មភាព ចូលលួចយកប្រាក់ក្នុងហាងវេរប្រាក់ true money របស់ឈ្មោះ ស.ស.ន​ ភេទស្រី អាយុ៣៤ឆ្នាំ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាបបាន ប្រាក់ចំនួន ២៨០,០០០៛​ (ម្ភៃប្រាំបីម៉ឺនរៀល) ផងដែរ​ ។

ជនសង្ស័យទាំង០៣នាក់ខាងលើ​ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ​ ដើម្បីបន្តនិតិវិធី​ ។ រីឯ​សម្ភារ:​វត្ថុតាង​ បានប្រគល់ជូនជនរងគ្រោះវិញផងដែរ​ ៕

មតិយោបល់