ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃអង្គារ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧និង០៧នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់ នៅលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចអូរស្រឡៅ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ ០១គ្រឿងម៉ាក HondaDream ពណ៌ខ្មៅ ឆ្នាំផលិត ១៩៩៣ ពាក់ស្លាកលេខ ពោធិ៍សាត់ 6376 បើកបរដោយឈ្មោះ ស្រី ម៉ាប់ ភេទប្រុស អាយុ ៥៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ (របួសធ្ងន់) ធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ ០១គ្រឿងម៉ាក Wave អាល់ហ្វា ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេង វែល ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅអូរលាងជើង ភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង (របួសធ្ងន់) ធ្វើដំណើរពីត្បូងទៅជើងក្នុងដំណើរច្រាស់ទិសគ្នា។
រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពប្រម៉ោយ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូWave បើកបរល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។
ចំពោះម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសោម រង់ចាំការដោះស្រាយទៅតាមនីតិវិធី៕
មតិយោបល់