ព័ត៌មានជាតិ

​ជំនន់​ទឹកភ្លៀង​​ហូរកាត់ផ្លូវ កួចមនុស្សនិងម៉ូតូ​ធ្លាក់ចូលក្នុងស្ទឹង បណ្ដាលឲ្យ៣នាក់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ ​វេលាម៉ោង​១៨​និង១៥​នាទី​ មានករណីគ្រោះថ្នាក់ធម្មជាតិ​ជំនន់​ទឹកភ្លៀង​​ ទឹកហូរកាត់ផ្លូវហូរកួចយកមនុស្ស និងម៉ូតូ​ពេលកំពុងធ្វើដំណើរឆ្លងកាត់ បណ្ដាលឲ្យធ្លាក់ចូលក្នុងស្ទឹងស្លាប់ចំនួន​០៣​នាក់​ ស្រី​០២នាក់​ នៅកំណាត់ផ្លូវជាតិលេខ​៥៥ ​ចន្លោះ​គីឡូម៉ែត្រលេខ ១៥៥–១៥៦​ ចំណុចស្ទឹងកាច់​ ភូមិឯកភាព​ ឃុំថ្មដា​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថានៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២២​វេលាម៉ោង​១២និង០០​នាទី​ថ្ងៃ​ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពីប្រជាពលរដ្ឋ​ថា ​មានករណីមនុស្សស្លាប់​ដោយសារលង់ទឹក ភ្លាមនោះសមត្ថកិច្ចក៏បានចុះដល់ចំណុចកើតហេតុ​ បានប្រទះឃើញសាកសពឪពុកនិងកូនស្រី សពត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ។

ទី១–ឈ្មោះ​ ជា​ សុខគឿន​ ភេទប្រុស​ អាយុ​៣៩​ឆ្នាំ​
២–ឈ្មោះ​ ចាន់​ ភក្តី​ ភេទស្រី​ អាយុ​ ៣៥​ឆ្នាំ (ត្រូវ​ជាប្រពន្ធ​មានផ្ទៃពោះ​០៧​ខែ)​ រកសពមិនទាន់ឃើញ
៣–ឈ្មោះ​ លី​ ចាន់ថា​ ហៅឆៀងម៉ៃ​ ភេទស្រី​ អាយុ​០៣​ឆ្នាំ (ត្រូវ​ជាកូន) សាកសពខាងលើ មានទីលំនៅ​ភូមិ​ឈើទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ និងម៉ូតូ​ម៉ាក ​Dream C125 ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ពោធិ៍សាត់​1I-7548។

លោកអធិការបានបន្តទៀតថា បច្ចុប្បន្នសមត្ថកិច្ច​បានប្រគល់សព ដែលរកឃើញ​ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ​តាមប្រពៃណី ចំពោះសាកសពដែលមិនទាន់រកឃើញ កម្លាំង​នគរបាល​សហការ​ជាមួយកម្លាំងយោធា​ និងកម្លាំងកងរាជអាវុធហត្ថស្រុក​ កំពុងស្វែងរកបន្ត ៕

មតិយោបល់