ព័ត៌មានជាតិ

លោក ចូ បៃដិន ថាសុខចិត្តសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីបន្តដាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងបញ្ជីខ្មៅភេរវកម្ម

 

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងរក្សាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីស្លាម (IRGC) របស់អ៉ីរ៉ង់នៅក្នុងបញ្ជី «ភេរវកម្ម» របស់អាមេរិក បើទោះបីជាវានំាទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុង តេហេរ៉ង់ក៏ដោយ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល ដែលត្រូវបានថតទុកក្នុងទីក្រុងវ៉ាស៉ីនតោន និងចាក់ផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ កំលុងដំណើរទស្សកិច្ចមកកាន់ តំបន់មជ្ឈិមបូព៌ា លោក បៃដិន ត្រូវបានចោទសួរថាតើសហរដ្ឋអាមេរិកនៅតែរក្សាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងបញ្ជីខ្មៅរបស់ខ្លួនទេ ប្រសិនបើវាអាចសម្លាប់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ? លោក បៃដិន បានឆ្លើយដោយសាមញ្ញថា «ពិតណាស់វាជាការពិត»។ លោក បៃដិន ក៏បានរំលឹកឡើងវិញថាលោកនឹងមិនអនុញ្ញាតឲ្យ អ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរឡើយ ខណៈទីក្រុងតេហេរ៉ង់ជំទាស់នឹងសកម្មភាពនេះ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើការចរចាជាច្រើនលើក ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក ហើយ កិច្ចព្រមព្រៀងមួយបានលេចចេញជារូបរាងនៅដើមឆ្នាំនេះ. ប៉ុន្តែការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ចេញពីបញ្ជីភេរវកម្ម អាចជាឧបសគ្គចម្បងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ៕

Reuters

មតិយោបល់