ភ្នំពេញ: បុរសម្នាក់ស្រែកទ្រហោឲ្យគេជួយទាំងព្រឹកព្រលឹម ខណៈផ្លោះរបងលោតចូលការ៉ាស់ជួសជុលរថយន្តមួយកន្លែង បណ្ដាលឲ្យធ្លាក់បាក់ជើង ដោយមានការភ័យខ្លាចព្រោះមានអ្នកដេញពីក្រោយ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ទីតាំងស្ថិតនៅបរិវេណហ្គារ៉ាស់ជួសជុលរថយន្តមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អ៊ិន សិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិម៉ឺនសាយ ភូមិអង្គតាសូរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា បុរសខាងលើ គឺជាកម្មករសំណង់ធ្វើការនៅក្បែរទីតាំងហ្គារ៉ាស់ជួសជុលរថយន្តខាងលើ មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បុរសខាងលើ មានកម្មវិធីជួបជុំមិត្តភក្តិរួចបង្កជាហិង្សា បណ្ដាលឲ្យភាគីម្ខាងទៀតរងរបួសបែកក្បាល រួចហើយក៏ចេញទៅបាត់ទៅ រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ភាគីម្ខាងដែលរបួសបែកក្បាលនោះ ក៏ហៅបក្ខពួកមកដេញវាយវិញ បណ្តាលឲ្យបុរសខាងលើ ភ័យក៏រត់ផ្លោះរបងលោតចុះក្នុងបរិវេណហ្គារ៉ាស់ជួសជុលរថយន្ត បណ្តាលឲ្យរងរបួសបាក់ជើងតែម្តង ។
ក្រោយកើតហេតុម្ចាស់ទីតាំងខាងលើ បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះមកដល់ទីតាំងរួចទាក់ទងទៅកម្លាំងសង្រ្គោះ របស់៧១១ចុះជួយសង្រ្គោះបឋម និងដឹកបញ្ជូនទៅសង្រ្គោះបន្តនៅឯមន្ទីពេទ្យ ៕
មតិយោបល់