ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្រឡាប់ផ្ងារជើងទាំងថ្ងៃ បន្ទាប់ពីបួងចង្កូតគេចម៉ូតូ

ភ្នំពេញៈ រថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្រឡាប់ផ្ងារជើងកាត់ទទឹងផ្លូវ ខណៈពេលកំពុងបើកបរ រួចបួងចង្កូតគេចម៉ូតូ ដែលធ្វើដំណើរនៅខាងមុខ សំណាងមិនមានមនុស្សរងរបួស ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តបែនដឹកខ្សាច់ មួយគ្រឿង ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-6524 ដោយបើកបរក្នុងទិសដៅពីកើតទៅលិច ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ មួយគ្រឿង មិនចាំស្លាកលេខ ដោយធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តខាងលើ ភ្លាមៗនោះ ពួកគេទាំង ២នាក់ សង្ស័យមានការប្រកែកគ្នាតាមផ្លូវ និងជិះម៉ូតូរេចង្កូតពេញផ្លូវ ដោយឃើញដូចនោះ អ្នកបើកបររថយន្តដឹកខ្សាច់ ក៏សម្រេចចិត្តទាញចង្កូតរថយន្តឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្តង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ញារជើងកណ្តាលផ្លូវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានសម្រួលចរាចរណ៍ នៅជុំវិញទីតាំងខាងលើ និងបានឲ្យម្ចាស់រថយន្តដឹកខ្សាច់ ហៅរថយន្តមកស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ដោយសារតែគ្រោះថ្នាក់ចរាចចរណ៍ខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ និងខូចខាតទ្រព្យសម្បត្តិសាធារណ:ឡើយ ៕

មតិយោបល់