ព័ត៌មានជាតិ

ថៃស្ទាក់ចាប់រថយន្តខ្មែរ លួចឆ្លងដែនចូលទៅដឹកឈើគ្រញូង

ថៃ: ឈើគ្រញូងចំនួនពីរគល់ធំៗ និងរថយន្តទីកូមួយគ្រឿង ត្រូវបានកម្លាំងយោធាថៃ សហការជាមួយក្រុមតម្រួតថៃ ធ្វើការស្ទាក់ចាប់ទាំងកណ្តាលយប់ ខណ:ដែលរថយន្តនេះកំពុងធ្វើសកម្មភាពដឹកឈើគ្រញូងវិលត្រឡប់មកទឹកដីកម្ពុជាវិញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ កម្លាំងយោធាថៃបានសហការជាមួយនិងក្រុមតម្រួតថៃ បានធ្វើការស្ទាក់ចាប់រថយន្តខ្មែរ១គ្រឿងម៉ាកទីកូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២D-៥៩៣៤ ដែលបើកបរដោយជនជាតិខ្មែរ រស់នៅក្នុងខេត្តឧត្តរមានជ័យ។ របាយការណ៍បានបន្តថា កិច្ចប្រតិបត្តិការនេះ គឺសមត្ថកិច្ចថៃបានធ្វើការដកហូតឈើគ្រញូងប្រភេទក្រាក់ចំនួនពីរដុំធំៗ ដែលអ្នកបើកបរលាក់ទុកនៅក្នុងឃ្លុបខាងក្រោយដោយគេបានចូលទៅក្នុងប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ ដើម្បីដឹកឈើគ្រញូងនេះចេញមកកម្ពុជាវិញ ហើយក៏ត្រូវកម្លាំងស្ទាក់ចាប់តែម្តង។

ក្រោយពីបានបញ្ជូនខ្លួនទៅអង្គភាពយោធា ដើម្បីធ្វើការសាកសួររកមេឈ្មួញរួចមកទើបដឹងថា ថៅកែធំដែលនៅពីក្រោយខ្នងក្នុងការរកស៊ីឈើគ្រញូងពីថៃ មកកម្ពុជា គឺជាស្ត្រីឈ្មោះ ស្រីអូន (ជនជាតិខ្មែរ) ដោយគេជាអ្នកស៊ីឈ្នួលក្នុងការចូលទៅដឹកឈើតែប៉ុណ្ណោះ ហើយនេះគឺជាលើកទី៤ ហើយដែលគេបានឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដើម្បីប្រកបមុខរបរនេះ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងបំពេញឯកសារពាក់ព័ន្ធ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់៕

ចាប់ឈើគ្រញូង (1)

ចាប់ឈើគ្រញូង (2)

ចាប់ឈើគ្រញូង (3)

ចាប់ឈើគ្រញូង (4)

ចាប់ឈើគ្រញូង (5)

ចាប់ឈើគ្រញូង (6)

ចាប់ឈើគ្រញូង (7)

ចាប់ឈើគ្រញូង (8)

ចាប់ឈើគ្រញូង (9)

មតិយោបល់