ប៉ៃលិនៈ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ សាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានបន្តចុះត្រួតពិនិត្យទំនិញហួសសុពលភាពយ៉ាងសកម្ម ដែលដាក់តាំងលក់តាមតូប គេហដ្ឋាន ស្ថិតនៅភូមិឌិននៀវ ភូមិប៉ាហ៊ី និងនៅផ្សាប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបៃលិន បានឲ្យដឹងថា ការចុះត្រួតពិនិត្យមើលនូវ ទំនិញហួសសុពលភាពទាំងនោះ គឺមានគោលបំណងដើម្បីរកទំនិញដែលខូចគុណភាព ហួសកាលកំណត់ប្រើប្រាស់ មិនមានស្លាកសញ្ញាត្រឹមត្រូវ ពុំមានសំបកវេចខ្ចប់ត្រឹមត្រូវ ទំនិញមិនមានច្បាប់អនុញ្ញាត ដើម្បីធ្វើការដកហូតយកទៅកម្ទេចចោល ក្នុងន័យថែរក្សាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ក្នុងខេត្តប៉ៃលិន។
លោកបានបន្តថា បងប្អូនប្រជាពលរដ្ឋ ដែលមិនបានយល់ដឹងពីការមើលទំនិញហួសសុពលភាព និងខូចគុណភាព ជាពិសេសទំនិញដែលនាំពីក្រៅប្រទេសឫក្នុងស្រុក ដូច្នេះហើយ លោកសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមនិងសហការជាមួយមន្ត្រីជំនាញសាខាកាំកុងត្រូលឲ្យជាប់ជានិច្ច ដើម្បីឲ្យមន្ត្រីជំនាញធ្វើការពន្យល់ណែនាំឲ្យបានយល់កាន់តែច្បាស់ ជៀសវាងយកទំនិញណា ដែលហួសកាលកំណត់ និងខូចគុណភាពដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពផងដែរ។
លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការពន្យល់ណែនាំដល់អាជីវករទាំងអស់កុំឲ្យយកទំនិញដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាត ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ និងជាពិសេសទឹកខ្មេះ រូបទន្សាយ ដែលទំនិញទាំងនេះ គឺធ្វើឲ្យប៉ះពាលសុខភាពយ៉ាងធ្ងន់ធ្ងរ។
ក្នុងឱកាសនោះដែរ លោក សូមធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករទាំងអស់ មុននឹងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាង ពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់ពេលវេលា និងប្រាក់កាក់គ្រួសារ ដូច្នេះ ត្រូវយកចិត្តទុកសំអាតនិងដាក់ថែទាំជារៀងរាល់ថ្ងៃឲ្យបានល្អ។
ក្នុងការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចកាំកុងត្រូលបានរកឃើញនូវទំនិញហួសសុពលភាព និងហួលកាលបរិច្ឆេទកំណត់ រួមមាន ៖ ទឹកខ្មេះរូបទន្សាយ០៦ដប ទឹកក្រូច៤៩ដប មីកំប៉ុង១៨កំប៉ុង នំស្រួយលីលី១៧កញ្ចប់ រ៉តឌី ៧៩កញ្ជប់។ មន្ដ្រីកាំកុងត្រូលក៏បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ ព្រមទាំងឲ្យម្ចាស់ទំនិញផ្ដិតមេដៃទទួលស្គាល់ពិត ទំនិញរបស់ខ្លួនខូចគុណភាពផងដែរ៕
មតិយោបល់