បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ទីតាំងជួសជុលរថយន្តធុនធំរបស់ឈ្មោះ ឆាយ ឈាន ដែលមានរឿងអាស្រួវមិនចេះចប់នោះ សមត្ថកិច្ចចម្រុះចុះបញ្ឈប់ចំនួន៤លើករួចមកហើយ មានទាំងកិច្ចសន្យារបស់រដ្ឋបាលខេត្ត ឲ្យបញ្ឈប់នៅតែមិនអនុវត្ត តែបើមានលើកទី៥នឹងរឹបអូសសម្ភារ ហើយរៀបចំសំណុំរឿងបញ្ជូន ម្ចាស់យានដ្ឋាននេះទៅតុលាការ។
ការចុះបញ្ឈប់ទីតាំងជួសជុលរថយន្តធុនធំនេះ សមត្ថកិច្ចចម្រុះបានធ្វើឡើងនៅល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតផ្លូវចូលទឹកស្អាត ភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលដឹនាំដោយ លោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីរមន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រីអន្តរវិស័យខេត្ត រដ្ឋបាលក្រុងសេរីសោភ័ណ រដ្ឋបាលឃុំអំបិល និងមេភូមិគោរដ្ឋានផងដែរ ។
សមត្ថកិច្ចចម្រុះបានអះអាងថា តាំងជួសជុលរថយន្តធុនធំរបស់ឈ្មោះឆាយ ឈាន ត្រូវបានបិទតាំងពីលើកទី០៣ជាស្ថាពរហើយ តែម្ចាស់យានដ្ឋាននេះនៅតែប្រព្រឹត្ត ហើយនៅ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះមន្ត្រីចម្រុះបានចុះមកបិទអាជីវកម្មនិងដាក់បញ្ញាតិតឹងរ៉ឹងតែម្តងដោយលែងយោគយល់។
លោកសារី តំណាងឲ្យរដ្ឋបាលខេត្តមានប្រសាន៍ប្រាប់ឲ្យដឹងថាក្រោយពីការចុះពិនិត្យលើទីតាំងជាក់ស្ដែង រួចមកក្រុមការងារបានសង្កេតឃើញថា នៅមានសកម្មភាពកែច្នៃ និងដំឡើងរថយន្តថ្មីចំនួន៤គ្រឿងបន្តទៀត ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទម្រង់និងមាត្រាទី៥២ បានចែងថាគ្រប់យានដ្ឋានជួសជុលយានយន្ដ និងយានដ្ឋានកែច្នៃដំឡើងយានយន្តត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផ្ទៃផងដែរ។
លោក លី សារីក៏បានបញ្ជាក់ទៀតថាការគ្រប់គ្រងយានយន្តជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត ត្រូវបានកំណត់ដោយអនុក្រឹត្យ ក្រោយពីពិនិត្យរួចហើយក្រុមការងារបានបន្តសម្រេចបិទ និងបញ្ឈប់សកម្មភាពទាំងអស់ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ ។ ក្នុងករណីនៅតែមានបន្តសកម្មភាពជួសជុល និងដំឡើងកែច្នៃរថយន្តទៀតនោះ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានការ។
លោកលី សារី បានបញ្ជាក់ឲ្យដឹងទៀតថា៖ រដ្ឋបាលខេត្ត បានសម្រេចបញ្ឈប់ការជួសជុលរបស់យានដ្ឋានលោកឆាយ ឈាននោះគឺបន្ទាប់ពីមានឧបទ្ទហេតុជាច្រើនលើក ។ ក្នុងនោះឧបទ្ទហេតុចុងក្រោយមួយទៀត កាលពីល្ងាចថ្ងៃទី ២១ខែមិនា ឆ្នាំ២០២០ គឺរថយន្ដធំ១គ្រឿងដែលទើបជួសជុល និងកែច្នៃរូចរបស់យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះ បានភ្លេចភ្ជាប់ឬដាច់ហ្វ្រាំងបានថយទៅបុកចំទ្វារចូលនៃបណ្ណាគារបន្ទាយស្រី បង្កខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារជាច្រើននិងក៏បានធ្វើឲ្យម្ចាស់បណ្ណាគារនិងបុគ្គលិកភ័យតក់ស្លុត ផងដែរ៕
មតិយោបល់