ព័ត៌មានជាតិ

ពលរដ្ឋ ផ្ទុះរឿងទិញដីជិតតំបន់អភិវឌ្ឍន៍ ឲ្យលុយអស់ ពេលនេះគេធ្វើរបងព័ទ្ធអស់

កំពង់ឆ្នាំងៈ រឿងរ៉ាវស្មុគស្មាញមួយបានផ្ទុះឡើង ដោយសារមានប្រជាពលរដ្ឋជាច្រើននាក់ បានផ្អើលនាំគ្នា ទៅឈរមើលគេធ្វើ របងព័ទ្ធយកដី ពួកគាត់ក្រោយពីពួកគាត់បានទិញដីនោះជិត១ឆ្នាំ និងខ្លះបានរៀបចំ សង់ផ្ទះរស់នៅហើយនោះ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។

ដីប្រជាពលរដ្ឋ រងគ្រោះ ដែលមានទំនាស់នោះ ស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានទំហំប្រមាណជិត៦ហិកតា ជាដីស្ថិតក្នុងតំបន់២ ដែលមិនទាន់សុំ ស.ជ.ណ ដើម្បីធ្វើការអភិវឌ្ឍន៍ នៅឡើយទេ។ ប្រជាពលរដ្ឋ រៀបរាប់ប្រាប់ អ្នកសារព៍ត៏មាន កាលពីចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ថាពួកគាត់បានទិញដី ម្នាក់១ប្លង់ ដែលមានទំហំ៥ម គុណនឹង២៥ម ក្នុងតម្លៃចាប់ពី៦ពាន់ដល់៧ពាន់ដុល្លារ ពីឈ្មោះ សាយ សូ និងឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់ ហើយពេលនេះមាន ប្រជាពលរដ្ឋខ្លះកំពុងចាក់ថ្ម ចាក់ដីបំរុងសាងសង់ផ្ទះរស់នៅទៅហើយ។ ប្រជាពលរដ្ឋ ដែលទិញដីរបស់ឈ្មោះ សាយ សូ និង អៀរ គុយម៉ុង ពុះជាឡូតិ៍លក់នោះ មានទាំងអស់ ប្រមាណជិត៥០គ្រួសារ ដែលមកដល់ពេលនេះ ពួកគាត់កំពុងសុំឲ្យអាជ្ញាធរខេត្តក្រុង ជួយអន្តរាគមន៍នៅក្នុងរឿងនេះ ព្រោះពួកគាត់មួយចំនួន កំពុង ជំពាក់លុយអង្គការ ដោយសារតែខ្ចីលុយគេមកទិញដីនេះរស់នៅ។ ម្យ៉ាងវិញទៀតសុំឲ្យឈ្មោះ សាយ សូ និងឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់ ចេញមុខមកដោះស្រាយ ចំពោះរឿងដីនេះ ឲ្យពួកគាត់វិញ។ ពាក់ព័ន្ធនឹងរឿងខាងលើនេះ លោក ជៀម ហៃ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដែលជាម្ចាស់ដីដើម បានបំភ្លឺឲ្យដឹងថា៖ ក្នុងឆ្នាំ២០១៥ គាត់និងបងប្អូនគាត់មាន ១០គ្រួសារ បានព្រមព្រៀងគ្នា លក់ដីចំការមួយកន្លែងទំហំជិត៦ហិកតា ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំបង់ឆ្នាំង ឲ្យទៅឈ្មោះ លី ផេង រស់នៅភ្នំពេញ ក្នុងតម្លៃ២,៥ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយតម្លៃសរុបទាំងអស់ បានជាង១៤ម៉ឺនដុល្លារ។ ឈ្មោះ លី ផេង បានប្រគល់ប្រាក់ឲ្យគាត់ជា៤ដំនាក់កាល ដោយលើកទី១ ទី២ និងទី៣ ឈ្មោះ លី ផេង ជាអ្នកប្រគល់ប្រាក់សុទ្ធដោយផ្ទាល់ ហើយនៅសល់លើកទី៤និង ឃើញឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់ជាអ្នកឲ្យ លុយបង្គ្រប់។ លោកបានបន្តថា កន្លងមកលោកបានឃើញឈ្មោះ អៀរ គុយម៉ុង និងឈ្មោះ សាយ សូ ពុះដីឡូតិ៍លក់ ហើយស្មានថាឈ្មោះ លី ផេង ជាអ្នកឲ្យធ្វើ ស្រាប់តែរយៈពេល២ថ្ងៃនេះ ទើបដឹងថាអ្នកទិញដី ពីគាត់ទៅមិនបានដឹងរឿងពុះដីលក់អស់នោះឡើយ។

ចំណែកលោក លី ផេង រស់នៅភ្នំពេញ ជាអ្នកអះអាងថាបានទិញដីនោះពីឈ្មោះ ជៀម ហៃ បានបញ្ជាក់ នៅម៉ោង១០និង៤០នាទីតាមរយៈទូរស័ព្ទថា៖ លោកបានដាក់ ពាក្យប្តឹងឈ្មោះ សាយ សូ និងឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់ ទៅសាលាដំបូងខេត្តពីបទ«រំលោភលើសេចក្តីទុកចិត្ត» ដោយតំរូវឲ្យសងជំងឺចិត្ត លោក៥០ម៉ឺនដុល្លារ ព្រោះតែឈ្មោះអ្នកទាំង២នេះ បានយកដីកម្មសិទ្ធស្របច្បាប់ របស់លោកជិត៦ហិកតា ទៅពុះអង្កន់លក់ យកលុយដាក់ហោប៉ៅអស់ ដោយមិនបានឲ្យ លោកដឹងទាល់ តែសោះ។ លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងដី ខាងលើនេះ លោកមានស្នាមមេដៃទិញ លក់រវាងម្ចាស់ដីដើម និងលោក មានការដឹងលឺពីអាជ្ញាធរ មូលដ្ឋានភូមិ សង្កាត់ទៀតផង ហើយឯកសារទាំងនោះ លោកបានដាក់តំកល់នៅសាលាដំបូងខេត្ត។

ចំពោះឈ្មោះ សាយ សូ និងឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់វិញបានបំភ្លឺជុំវិញករណីនេះ នៅម៉ោង១២និង ២២នាទីថ្ងៃនេះ ថា៖ រូបលោកមិនបានលួចយកដីគេ មកពុះលក់ដូចពាក្យចោទប្រកាន់នោះឡើយ ព្រោះលោកទាំង២បានទិញដីនេះពីឈ្មោះ ជៀម ហៃ តាមទំរង់ច្បាប់ មានសាក្សី និងអាជ្ញាធរមូលដ្ឋានដឹងលឺទាំងអស់។ ដីនោះលោកបានឲ្យលុយទៅឈ្មោះ ជៀម ហៃ ជាម្ចាស់ដី ចំនួន១២ម៉ឺន៨ពាន់ដុល្លារ នៅខ្វះតែជាង១ម៉ឺនទៀតទេ លោកមានឯកសារគ្រប់គ្រាន់ ចាំបង្ហាញនៅតុលាការ។ លោកទាំង២បានបន្ថែមថា បើចោទថាលោកជាអ្នកយកដីគេលក់ ហេតុអ្វីពេលពួកលោកចាក់ដី និងពុះឡូតិ៍លក់នោះ ឈ្មោះ ជៀម ហៃ មិនព្រមប្រតិកម្មទៅ ហើយម៉េច មិនតេទៅប្រាប់ឈ្មោះ លី ផេង ទៅព្រោះសម័យនេះជាសម័យអ៊ិនធឺណេត លើសពីនេះទៅទៀតបងប្អូន និងឈ្មោះ ជៀម ហៃ បានទិញដីពី លោកអស់ចំនួន ១៤ប្លង់ ថែមទៀត។ ហើយប្រជាពលរដ្ឋដែលដឹងរឿងនេះ បាននិយាយថា៖ អាជ្ញាធរក្រុងខេត្ត គួរតែចេញមុខដោះស្រាយនៅក្នុងរឿងនេះ ឲ្យបានឆាប់ ព្រោះថាអ្នករងគ្រោះ ទាំងនោះ គឺជាប្រជាពលរដ្ឋស្លូតត្រង់ ហើយមានពលរដ្ឋខ្លះកំពុងវ័នកជំពាក់លុយអង្គការ និងធនាគារផង។ ក្នុងករណីខាងលើនេះ ប្រសិនបើតុលាការរកឃើញថាឈ្មោះ ជៀម ហៃ បានលក់ដី១កន្លែងឲ្យឈ្មួញ២នាក់នោះមែន នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ហើយ៕

DSC00277 DSC00279 DSC00280

មតិយោបល់