ហ្វីលីពីនៈ អគ្គមេបញ្ជាការប៉ូលិសហ្វីលីពីន លោក Ronald de la Rosa នៅថ្ងៃអង្គារនេះ បានឆ្លើយតបទៅនឹងសំណួរព្រឹទ្ធសភាពថា ជនសង្ស័យគ្រឿងញៀន ១.៩១៦ នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងសង្គ្រាមបង្ហូរឈាមប្រឆាំងគ្រឿងញៀនហ្វីលីពីន ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ព្រមទាំង ៧៥០នាក់ទៀត បានស្លាប់ នៅក្នុងប្រតិបត្តិការរបស់ប៉ូលិស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
ខណៈនេះ ប៉ូលិសកំពុងស៊ើបអង្កេតការស្លាប់ចំនួន ១.០៦៧ នាក់ផ្សេងទៀត ទាក់ទងនឹងករណី គ្រឿងញៀននេះផងដែរ ដោយមិនបានផ្តល់សេចក្តីលម្អិតអ្វីទេ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក Duterte បានផ្ទុះឡើងការប្រឆាំងនឹងអង្គការសហប្រជាជាតិ ដែលបានរិះគន់ចំពោះការស្លាប់នេះ។
ប្រតិបត្តិការរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចាប់ផ្ដើម រយៈពេលប្រាំពីរសប្តាហ៍ កន្លងមកហើយ បន្ទាប់ពីលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី ក្រោយសន្យាពេល ឈ្នះឆ្នោត លោកនឹងបើកដំណើរការ «សង្គ្រាមបង្ហូរឈាម» ប្រឆាំងនឹងថ្នាំញៀន។
មកទល់ពេលនេះ អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាងកន្លះលាននាក់ បានចូលខ្លួនមក សារភាពដោយធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងស្បថឈប់ប្រើថ្នាំញៀនបន្តទៀត៕
មតិយោបល់