កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា បណ្តាលអោយជនរងគ្រោះ (ត្រូវជាប្រពន្ឋ) ឈ្មោះ ផន វណ្ណា ភេទស្រី អាយុ៣១ឆ្នាំ រងរបួសរយះចំពីលើក្បាល នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ (ត្រូវជាប្តី) ឈ្មោះ ផុន ស៊ីណាត ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ បំពង់ទីបជ័រចំនួន០១ ប្រវែង១ម៉ែត្រ (របស់ជនសង្ស័យ) ។
នៅមុនពេលកើតហេតុ ជនសង្ស័យ ក្រោយពីប្រើប្រាស់ថ្នាំញៀនរួច តែងតែរករឿងអុកឡុកជនរងគ្រោះ ជាប្រពន្ធសឹងតែរាល់ថ្ងៃ ។ លុះដល់ថ្ងៃកើតហេតុ ពេលដែលជនរងគ្រោះ កំពុងតែនៅលាងចាន និងដាំបាយនៅផ្ទះបាយ ជនសង្ស័យមិនដឹងទើបមកពីណាទេ មកដល់ក៏បានឡើងលើផ្ទះបាត់ ។ បានមួយសន្ទុះក្រោយមកបានស្រែកសួរជនរងគ្រោះថា ទើបមកពីណាដោយប្រើពាក្យសំដី មិនសមរម្យទៅកាន់ជនរងគ្រោះ ។ បន្ទាប់មកជនសង្ស័យបានហៅជនរងគ្រោះ អោយឡើងទៅលើផ្ទះ រួចចោទប្រកាន់ថាជនរងគ្រោះលួចមានប្រុស ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ជាមួយជនរងគ្រោះ ពេលនោះជនសង្ស័យបានយកបំពង់ទីបជ័រប្រវែង១ម៉ែត្រ មកវាយជនរងគ្រោះចំក្បាលចំនួន៣ទីប បណ្តាលអោយបែករយះចេញឈាម ។
ក្រោយសាច់ញាតិជនរងគ្រោះបានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ជួយចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនវាយជនរងគ្រោះជាប្រពន្ធដោយសារការប្រច័ណ្ឌ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕




មតិយោបល់