ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចឃាត់ខ្លួនប្អូនស្រីម្នាក់ សង្ស័យចាក់សម្លាប់បងប្រុសបង្កើត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានករណីបងប្អូនបង្កើតឈ្លោះប្រកែកគ្នា ឈានដល់ការប្រើហិង្សាដោយសង្ស័យលើ ប្អូនស្រីយករបស់មុតស្រួច ចាក់ទៅលើបងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ នាវេលាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានបងប្អូនប្រុសស្រីបង្កើតចំនួន០២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នា ហើយបានឈានទៅដល់ការប្រើអំពើហិង្សា ដោយប្អូនស្រីបង្កើតប្រើរបស់មុតស្រួច ម្យ៉ាង ចាក់ទៅលើបងប្រុសបង្កើតរបស់ខ្លួនដោយមិនញញើតដៃ ត្រូវជាច្រើនកន្លែង បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវក្រុមគ្រួសារដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ប៉ុន្តែជាអកុសល ដោយជនរងគ្រោះរបួសធ្ងន់ពេក ក៏បានដាច់ខ្យល់ស្លាប់នៅ ក្នុងមន្ទីរពេទ្យ ។ លុះដល់វេលាម៉ោង១០និង០០នាទីយប់ថ្ងៃដដែល សពជនរងគ្រោះត្រូវបានដឹកបញ្ជូនត្រលប់មកផ្ទះកើតហេតុវិញ ។

នៅថ្ងៃបន្ទាប់មកនាវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានដឹងនូវដំណឹងនេះ ហើយក៏បានចុះទៅធ្វើការសាកសួរក្រុមគ្រួសារ នៃសាច់ញាតិសពជនរងគ្រោះនៅឯផ្ទះកើតហេតុ ។

ស្ត្រីជាម្តាយបានបា្រប់ដល់សមត្ថកិច្ចថា កូនរបស់គាត់ដែលស្លាប់មានឈ្មោះ ឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលាងម៉ូតូ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺសួតរ៉ាំរ៉ៃ អស់រយៈពេលជាង១០ឆ្នាំមកហើយ ។ ភ្លាមៗនោះ សមត្ថកិច្ចមិនអាចត្រួតពិនិត្យមើល សាកសពជនរងគ្រោះបាននោះទេ ដោយគ្មានក្រុមគ្រួសារនៃសពដាក់ពាក្យបណ្តឹង ។

លុះមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅថ្ងៃដដែលនោះ ក៏ស្រាប់តែផ្ទុះនូវការសង្ស័យថា ករណីខាងលើនោះ អាចជាករណី ឃាតកម្ម ដោយសង្ស័យទៅលើប្អូនស្រីបង្កើតខឹងបងប្រុសរបស់ខ្លួន នៅពេលឈ្លោះប្រកែកគ្នានោះ ហើយបានទាញយកវត្ថុដែលស្រួច មកចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ មិនដូចទៅនឹងអ្វីដែលម្តាយ ជនរងគ្រោះ បាននិយាយអះអាងប្រាប់នោះទេ ទើបសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនស្រ្តីឈ្មោះ ម៉ាសត៍ អាយុ៤០ឆ្នាំម្នាក់ ត្រូវជាប្អូនស្រីបង្កើតនៃសពបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរបន្ត តាមនីតិវិធី ។

ករណីខាងលើនោះ បើយោងតាមលិខិតបញ្ជាក់ពីមន្ទីរពេទ្យបានបង្ហាញថា នៅលើសាកសពមានស្នាមរបួសចាក់ជាច្រើនកន្លែង មិនមែនស្លាប់ដោយសារជំងឺនោះទេ ទើបកម្លាំងសមត្ថកិច្ចជំនាញខាងបច្ចេកទេសធ្វើកោសល្យវិច្ច័យ សម្រេចគាស់សាកសព មកធ្វើការត្រួតពិនិត្យស្វែងរកភស្តុតាងបន្ថែម និងរៀបចំឯកសារកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ករណីខាងលើនោះ បងប្អូនបង្កើតប្រុសស្រីចំនួន០២នាក់ បានឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើនូវអំពើហិង្សាមួយកើតឡើង ដោយប្អូនស្រីប្រើវត្ថុស្រួចម្យ៉ាង បានចាក់ទៅលើបងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ប៉ុន្តែជាអកុសល ដោយសាររបួសធ្ងន់ពេក ជនរងគ្រោះក៏បានដាច់ខ្យល់ ស្លាប់នៅឯក្នុងមន្ទីរពេទ្យ ។ បងប្អូនបង្កើតទាំងពីរនាក់នេះ ជាជនជាតិខ្មែរឥស្លាម ចំណែកប្អូនស្រីជនរងគ្រោះនោះវិញ នាងមានជំងឺសរសៃប្រសាទប្រចាំកាយយូរឆ្នាំមកហើយ ៕

មតិយោបល់