ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចរថយន្តព្រះសង្ឃយកទៅលក់

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តរបស់វត្តយកទៅលក់ ជួបកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើរល្បាតនៅពេលយប់មានការសង្ស័យក៏ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ចំណុចអង់តែន097 ផ្លូវទៅដើមក្រឡាញ់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ ផាត វ៉ានី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន ស្នាក់នៅ ភូមិរំសៃ ឃុំថាប់ស្តេត ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

លោកមេបញ្ជាការបានបញ្ជាក់ថា នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា កម្លាំងប៉ុស្តិ៍អូរកំបុតចំនួន ០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ប៉ុក រតនា នាយរងប៉ុស្តិ៍បានធ្វើការល្បាតតាមផ្លូវព្រំដែន ក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ បានប្រទះឃើញរថយន្ត១គ្រឿង ម៉ាក Luxus RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AK3150 ឈប់ចតចោលនៅលើបណ្តោយផ្លូវ លេខ៥៨ ត្រង់ចំណុចអង់តែន097 ផ្លូវទៅដើមក្រឡាញ់ ដោយមានរយៈពេលយូរក៏ទៅសួរនាំ ម្ចាស់រថយន្ត ក្រែងមានអ្វីអាចឲ្យជួយ ភ្លាមនោះម្ចាស់រថយន្តបានឆ្លើយថា ចង់លក់ឡានតម្លៃ៣០០,០០០សែនបាត(៣សែនបាត) លឺដូច្នេះកម្លាំងមានការសង្ស័យ ក៏បាននាំខ្លួនបញ្ជូនមកទីបញ្ជាការដ្ឋានវរសេនាតូច ការរពារព្រំដែនគោកលេខ៨០៧ ដើម្បីសាកសួរព័ត៌មានជុំវិញករណីចង់លក់ឡានទាំងយប់នេះ ។

លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានបញ្ជាក់ទៀតថា​ ក្រោយសួរនាំជនសង្ស័យបានសារភាពថា ខ្លួន បានលួចយកឡានរបស់ព្រះសង្ឃនៅវត្តមួយនៅប៉ោយប៉ែត យកមកលក់ ។ ក្រោយពីទទួលបានចម្លើយសារភាព និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវរសេនាតូច បានឃាត់ខ្លួនមនុស្ស និងរថយន្ត រួចប្រគល់ឲ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ​នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់