ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចេញពីផ្ទះទៅបឹងកាច់ផ្លែឈូកនិងរកត្រីហូប បានដួលផ្កាប់មុខក្នុងទឹកបណ្តាលឲ្យស្លាប់

កណ្តាល: យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង០៥នាទី មានករណីបុរសវ័យចំណាស់ម្នាក់ ចេញពីផ្ទះទៅបឹងកាច់ផ្លែឈូកនិងរកត្រីហូប បានដួលផ្កាប់មុខក្នុងទឹកបណ្តាលឲ្យស្លាប់ នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ខុន ទូច ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ខុន គន្ធា ភេទស្រី អាយុ ២៤ឆ្នាំ ដែលត្រូវជាកូនស្រី របស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះនៅម៉ោង៧និង0៥នាទី ហើយឮនិយាយថាអត់ស្រួលខ្លួន និយាយរួចក៏ ចេញទៅបឹងកាច់ផ្លែឈូក នឹងរកត្រីហូប នៅដីចម្ការឈូកម្នាក់ឯង តាមទម្លាប់ជាប្រចាំថ្ងៃ ស្ថិតនៅភូមិ-ឃុំកើតហេតុ ។ លុះដល់ម៉ោងប្រហែល១១និង០៥នាទី ក៏មានអ្នកភូមិដែលទៅរកត្រីនៅបឹងជាមួយ បានឃើញជនរងគ្រោះដួលផ្កាប់មុខក្នុងទឹក ក៏ បានរត់ទៅហៅកូនៗជនរងគ្រោះថា បានឃើញជនរងគ្រោះ ដេកផ្កាប់មុខក្នុងទឹក សង្ស័យមានបញ្ហាហើយ ភ្លាមនោះកូនៗជនរងគ្រោះ ក៏បានមកតាមមើលជនរងគ្រោះ ក៏ឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងទឹក ដោយក្នុងដៃជនរងគ្រោះ កាន់ដងឫស្សីឧបរករណ៍ឆក់ត្រីជាប់ដៃ ឃើញដូច្នោះកូនៗ ជនរងគ្រោះ នឹងអ្នកភូមិ ក៏ដកអាគុយចេញ រួចលើកជនរងគ្រោះដាក់ទូករុញមកក្បែរច្រាំង រួចរាយការណ៍ប្រាប់សមត្ថកិច្ច ។

ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច្ច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ ។

ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ១-ផ្នែកក្បាលធម្មតា ក្នុងច្រមុះមានទឹកនឹងកង្អែដីក្នុងរន្ធច្រមុះ ក្នុងមាត់មានកង្អែដី
២-ដងខ្លួនធម្មតា ក្នុងពោះតឹង អវ:ជីវ:ធម្មតា ។

សន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក បណ្តាលឲ្យស្លាប់ មិនមានស្លាកស្នាម ពាក់ពន្ធ័ជាមួយបទល្មើសផ្សេងឡើយ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់