ព័ត៌មានជាតិ

បុរសម្នាក់ដើរឆ្លងផ្លូវថ្នល់ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកមនុស្សដើរឆ្លងថ្នល់ បណ្ដាលឲ្យបុរស១នាក់ស្លាប់ ។ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៣៤-១៣៥ ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង (មិនស្គាល់ម៉ាក) បានបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកចំបុរសម្នាក់កំពុងដើរឆ្លងថ្នល់យ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះ សុខ បូរិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិ ឃុំ ស្រុក ខេត្តសៀមរាប (ស្លាប់) រីឯអ្នកបើកបររថយន្តបានបើករត់គេចខ្លួនបាត់ ។ ចំពោះសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ ឲ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ទោ សារឿន សារ៉ាវុធ អធិការនគរបាលស្រុកក្រគរស្ដីទីបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ។ ចំពោះរថយន្តបង្កសមត្ថកិច្ចបានកំពុងស្រាវជ្រាវបន្ត ៕

មតិយោបល់