ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន រេចង្កូតជ្រុលទៅបុកឡានប្រមូលសំរាម បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: កាលពីវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តកាមរីបាលែន មួយគ្រឿងយ៉ាងលឿន រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿង កំពុងប្រមូលសំរាមតាមដងផ្លូវ បណ្តាលឲ្យមនុស្សចំនួន០៣នក់ រងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក កាមរីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-9324 មានបុរសពីរនាក់ទៀតរួមដំណើរពីក្រោយ បើកតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿង ពណ៌បៃតងលាយស កំពុងប្រមូលសំរាមតាមដងផ្លូវ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។ ជនរងគ្រោះបន្ទាប់ពីកើតហេតុ ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់