ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក VOLVEGAN បោះពួយយ៉ាងលឿន ជ្រុលទៅបុក Lexus LX570 វិលមួយជុំ រួចបន្តទៅបុកផ្ទប់ FordRanger មួយគ្រឿងទៀត រងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ: បុរសម្នាក់សង្ស័យថាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាក VOLVEGAN មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប Lexus LX570 បើកឆ្លងផ្លូវចំពីចំហៀងខាងឆ្វេងផ្នែងខាងក្រោយយ៉ាងពេញទំហឹង វិលមួយជុំរួចបន្តល្បឿនទៅបុករថយន្តស៊េរីទំនើបម៉ាក FordRanger ចតស្ងៀមនៅមុខផ្ទះមួយគ្រឿងទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥១កែងនឹងផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក lexus LX570 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BN-9506 បើកបរតាមបណ្តោយផ្លូវ១៣៦ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណ:មកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែមានបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រា បានបើករថយន្តបង្កស៊េរីទំនើបម៉ាក VOLVEGAN មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AL-9788 បើកបរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Lexus LX570 បើកឆ្លងផ្លូវចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យវិលមួយជុំរងការខូចខាតធ្ងន់ធ្ងរ រួចរថយន្តបង្កបន្តល្បឿនទៅបុកផ្ទប់រថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Ford Ranger ពីចំហៀងខាងស្តាំរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ខូចខាតតែរថយន្ត ៣គ្រឿងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់