ព័ត៌មានជាតិ

កំពុងផឹកស៊ីជុំគ្នា ទាញកាំភ្លើងកែច្នៃបាញ់សត្វ បែរជារាលកៃត្រូវក្បាលមិត្តភក្តិ បណ្តាលឲ្យស្លាប់ម្នាក់

ពោធិ៍សាត់: កាលពីវេលាម៉ោង១៨និង៤៥នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មានករណីរាលកៃកាំភ្លើងខ្យល់ បណ្ដាលឲ្យស្លាប់ម្នាក់ ត្រង់ចំណុចស្រះចិញ្ចឹមត្រី ក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ វណ្ណ វាសនា អាយុ២៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកជនសង្យ័យឈ្មោះ ហម ចាន់ថូ អាយុ២៦ឆ្នាំ រស់នៅភូមិស្រែឫស្សី ឃុំ-ស្រុក-ខេត្ត ជាមួយជនរងគ្រោះ ។

ដំណើររឿង៖ ជនទាំងពីរនាក់ខាងលើ បានផឹកស៊ីជាមួយគ្នា នៅចំណុចស្រះចិញ្ចឹមត្រីឈ្មោះ ពយ ពេលកំពុងផឹកស៊ីជនសង្ស័យ បានទាញកាំភ្លើងខ្យល់បម្រុងបាញ់សត្វ ឯកាណុងបែរទៅជនរងគ្រោះ ពេលនោះស្រាប់តែរាលកៃផ្ទុះចំក្បាល ផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក លោកគ្រូពេទ្យឲ្យដឹកត្រឡប់ទៅវិញ បានពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់តែម្ដង វេលាម៉ោង២១និង០០នាទីយប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសព បានឲ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់