ព័ត៌មានជាតិ

រថយន្តព្រូសពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យជ្រុលទៅប៉ះប្រអប់ភ្លើងរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តព្រូសពីរគ្រឿង បើកបរបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យជ្រុលទៅប៉ះប្រអប់ភ្លើង រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AZ-3292 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ពេលនោះក៏មានរថយន្តមួយគ្រឿង ទៀតម៉ាកព្រូសដូចគ្នា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-8239 បានបុកគ្នាពេញទំហឹងនៅផ្លូវបែកជាបួន បណ្តាលឲ្យជ្រុលទៅប៉ះ ប្រអប់ភ្លើងរងការខូចខាត ។

នៅក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំ ធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់