ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងបាញ់ប្រហារ ទៅលើរថយន្តស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យត្រូវបុរស២នាក់ ឈាមហូរស្រោចពេញខ្លួន

ភ្នំពេញៈ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានករណីបាញ់ប្រហារ ទៅលើរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ២នាក់ ជិះរថយន្តម៉ាក Range Rover ស៊េរីទំនើប មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 1JS-3333 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ។ បន្ទាប់មកបានឈប់រថយន្ត នៅទល់មុខមន្ទីរសុខភាពសម្ភពស្ត្រី ដោយសភាពរថយន្តត្រូវខ្មាន់កាំភ្លើងបាញ់ ស្រោចជាច្រើនគ្រាប់ និងរថយន្តបែកកង់ក្រោយ ផ្នែកខាងឆ្វេង ។ ភ្លាមៗនោះដែរ ជនរងគ្រោះទាំង២នាក់ បានចុះពីលើរថយន្ត មានឈាមស្រោចពេញខ្លួន បានដើរសំដៅចូលទៅ មន្ទីរសម្ភពនៅទល់មុខនោះ ដើម្បីសង្គ្រោះ ។ ប៉ុន្តែត្រូវបានខាងមន្ទីរពេទ្យមិនទទូលនោះទេ ដោយសារកន្លែងមន្ទីពេទ្យនេះ ព្យាបាលតែសុខភាពស្ត្រីតែប៉ុណ្ណោះ ។ បន្ទាប់មកជនរងគ្រោះទាំង២នាក់ បានហៅម៉ូតូPass App ជិះចេញទៅបាត់ ដោយបន្សល់ទុករថយន្ត ។

បន្ទាប់មកកម្លាំងនគរបាលនៅក្នុងមូលដ្ឋាន បានចុះមកដល់ធ្វើការសាកសួរព័ត៌មាន ។ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ បានបាញ់ពីកន្លែងផ្សេង ហើយជនរងគ្រោះជិះគេចចូលមន្ទីរពេទ្យ ។ អំពើបាញ់ប្រហារនេះ មិនមានប្រភពណាមួយ បញ្ជាក់ឲ្យដឹងពីដំណើររឿងហេតុនោះឡើយ ៕

មតិយោបល់