ព័ត៌មានជាតិ

ខ្សែភ្លើងឆក់មន្ត្រីអគ្គិសនីម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ត្រីអគ្គិសនីម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ នៅចំណុចផ្ទះរបស់ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រូចសើច ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃចន្ទ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង៣៧នាទីថ្ងៃត្រង់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ ។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ច្រឹង ចាន់ថន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ជាមន្ត្រីអគ្គិសនីឃុំបឹងខ្នារ ស្រុកបាកាន ។

របាយការណ៍បានឲ្យដឹងទៀតថា ករណីខ្សែភ្លើងឆក់ជនរងគ្រោះស្លាប់នេះ គឺបណ្តាលមកពីជនរងគ្រោះបានមកតភ្លើងឲ្យគេ តែមិនបានបិទប្រអប់គុងទ័រលេខ (០៦៨៨៦៣៣) ទើបបណ្ដាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ធ្វើកំណត់ហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់