ភ្នំពេញៈ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៥ ខែកកដ្កា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកបេតុង មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត RANGE ROVER មួយគ្រឿង កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាត ទល់មុខស្ថានីយប្រេងឥន្ធនៈ ភីធីធី ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវ៣៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក RANGE ROVER មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-9645 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ បានបត់ឆ្លងទៅផ្លូវ៣៧១ ជិតផុតទៅហើយ មានរថយន្តក្រឡុកបេតុងមួយគ្រឿងទៀតម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-1602 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ២០០៤ ទិសដៅបញ្ច្រាសគ្នាជាមួយរថយន្ត RANGE ROVER ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត RANGE ROVER ពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕








មតិយោបល់