ព័ត៌មានជាតិ

Update៖ មន្រ្តីយោធាម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកជាមួយរថយន្ត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ជាមន្ត្រីយោធាបានស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្ត ចុះរត់គេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ទល់មុខច្រកចូលបុរី វ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ព្រីង សាមី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយោធា មានស្រុកកំណើតនៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរេ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BK-1047 បើកបរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-3707 ធ្វើដំណើរពីលិចទៅកើត បណ្តាលឲ្យជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូនៅក្រោមរថយន្ត រួចរុញទៅផ្ទប់និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់ទ្រេតដល់ដីមួយដើមទៀត ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះដល់ទីតាំវាស់វែង និងទាក់ទងទៅក្រុមគ្រួសារសព មកទទួលយកទៅធ្វើបុណ្យតាមប្រពៃ ចំណែកសម្ភារ:ទាំង២យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់