ព័ត៌មានជាតិ

កុមារាម្នាក់ស្លាប់ក្នុងលង់ទឹកថ្លុកក្របី នៅស្រុកក្រគរ

ពោធិ៍សាត់: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កុមារាម្នាក់ បានស្លាប់ដោយសារ លង់ទឹកថ្លុកក្របី ករណីនេះកើតឡើងនៅចំណុចថ្លុកក្របី ចម្ងាយប្រហែល១០០ម៉ែត្រពីរោងចាំចម្ការ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២ ។

តាមការរៀបរាប់របស់បងស្រី សេត ស្រីទិច អាយុ៣៤ឆ្នាំ ត្រូវជាម្តាយកុមាររងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបាននាំកូន មកចម្ការ របស់ឈ្មោះ ឈិម រ៉ាន់ ដើម្បីបាញ់ថ្នាំដំឡូង ទុកឲ្យកូនលេងក្បែររោងចាំចម្ការខាងលើ មួយសន្ទុះក្រោយមក ឈ្មោះ ឈិម រ៉ាន់ បានមកប្រាប់ខ្លួនថាបាត់កូន ក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញកូនប្រុសរបស់ខ្លួន បានស្លាប់ក្នុងថ្លុកក្របីចម្ងាយពីរោងចម្ការប្រហែល១០០ម៉ែត្រ ។

លោកវរសេនីយ៍ទោ សារឿន សារ៉ាវុធ អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន កម្លាំងជំនាញបានចុះដល់ទីតាំងកើតហេតុវេលាម៉ោង១៤និង៣០នាទី ធ្វើការពិនិត្យ និងកោសល្យវិឆ្ច័យ សពកុមាររងគ្រោះឈ្មោះ សេត សំណាង ភេទប្រុស អាយុ ១០ឆ្នាំ សញ្ជាតិខ្មែរមានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោកអធិការស្តីទីបានបន្តថាក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានថា កុមាររងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់