-

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនក្រុមឆក់ទូរស័ព្ទនិងកាច់កម៉ូតូប្រុសស្រី៩នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យប្រុស ស្រី ចំនួន៩នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មឆក់ការបូបនិងកាច់ ក យកម៉ូតូត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់និងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការបន្ត។ចំណែកបក្ខពួក០៦នាក់ទៀតរត់គេចខ្លួន នគរបាលកំពុងបន្តនិតិវិធីតាមប្រម៉ាញ់ផងដែរ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ ឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយរៀបរាប់ថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១និង១០ នាទីរសៀល មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ មនុស្សប្រុសអាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ដែលខ្លួនទុកនៅខាងមុខផ្ទះដោយបម្រុងលើកដាក់លើឡាន ទៅខេត្តប៉ៃលិនឲ្យកូនជិះ ហើយម៉ូតូនោះខ្លួនមិនបានដកសោរនោះទេ ខ្លួនកំពុងនៅក្នុងផ្ទះហើយក៏លឺសំលេងបញ្ឆេះម៉ូតូដោយមានការសង្ស័យខ្លួនចេញមកក្រៅបានឃើញមនុស្ស២នាក់ បានជិះម៉ូតូរបស់ខ្លួនចេញ ហើយខ្លួនបានរត់ដេញតាមដែរតែរត់មិនទាន់។ ម៉ូតូដែលត្រូវក្រុមចោរលួចយក ម៉ាកហុងដាហ្សូម័រអ៊ិច ពណ៍ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 លេខតួ៥១០៩៥០០ លេខម៉ាស៊ីន៣១០៩៥០០។

លោកអធិការបានបញ្ជាក់ថា ៖ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព ហើយធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង៣និង៣០នាទីថ្ងៃដដែល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូម៉ាកដូចបណ្តឹងរបស់ជនរងគ្រោះ យកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ។ជនសង្ស័យចំនួន៣នាក់មាន ទី១/-ឈ្មោះ យឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី ។ ទី២/-ឈ្មោះ នី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដ។ ទី៣/-ឈ្មោះ ជួន កក្កដា ហៅប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។

ជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសារភាពថា ៖ ពួកគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ក្រោយមកបានសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យដោះចោល និង កម្លាំងជំនាញបានចុះទៅដល់កន្លែងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅម្ដុំខាងក្រោយសាលាសង្កាត់ផ្សារកណ្ដាល ពេលដល់បន្ទប់បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នា៥នាក់បន្ថែមទៀត ក្នុងនោះស្រី២នាក់ ហើយក៏បានយកមកអធិការដ្ឋានដើម្បីសួរនាំបន្ត។

ជនសង្ស័យទាំង៥នាក់មាន ទី១/- ឈ្មោះ ឡ សុឃីម ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២/-ឈ្មោះ ស្រឿន ចំរើន ហៅប៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៣/-ឈ្មោះ រី ឆេត ហៅ ង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៤/-ឈ្មោះ ម៉េង ម៉ី ហៅ អាជ្រុយ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៥/-ឈ្មោះ ភារម្យ រក្សា ហៅសាសា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាសង្សារបស់ ហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ជាមុខសញ្ញាឆក់ និងកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ក្រោយមកទៀតឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅបន្ទប់ជួលផ្លូវស្តង់តាងួនឈ្មោះ ស៊ីណា ម៉េងងួន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៦នាក់ដែលកម្លាំងជំនាញបានឃាត់ខាងលើនេះ ជាបក្ខពួក និងជាអ្នកសមគំនិតក្នុងអំពើលួច។

ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន មានទី១/-ឈ្មោះ គាំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមណ្ឌល១ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ ទី២/- ឈ្មោះ ជួង រ៉ាឌី ហៅអាសល់តូច ភេទប្រុស អាយុ១៩ឆ្នាំ ផ្ទះនៅក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៣/-ឈ្មោះ អាសល់ ធំ ភេទប្រុស ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៤/-ឈ្មោះ អានុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងសិរីសោភ័ណ្ឌ ។ ទី៥/-ឈ្មោះ ថុល ភេទប្រុស រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ ទី៦/-ឈ្មោះ ហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ចំពោះជនសង្ស័យដែលបានរត់គេចខ្លួននេះជាមុខសញ្ញាលួច(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកបន្ត និងស្នើសុំដីកាចាប់ខ្លួន។ ចំពោះម៉ូតូដកហូតបាន ប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕

 

មតិយោបល់