ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៣ សីហា តារាសម្ដែង និងតារាកំប្លែងយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញវត្តមាននៅក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង«សង្សារខ្ញុំក្រមុំកូន១» ដែលសម្ដែងដោយតារាសម្ដែងនាងសារ៉ាយ សក្ខណា និងលោកជា វណ្ណារិទ្ធិ និងជាស្នាដៃទី៣របស់ផលិតកម្ម Red Picture នៅរោងភាពយន្តទំនើបនៅស្ទឹងមានជ័យ។ ពិធីនេះក្រៅពីមានភាពអធឹកអធម ដោយវត្តមានតារាសិល្បៈ និងភ្ញៀវកិត្តិយស ផលិតករក៏បានប្រកាសថានឹងមានអ្នកគាំទ្រមិនតិចជាង៥០ម៉ឺននាក់ចូលទៅទស្សនាផងដែរ ដោយសារតែសម្អាងលើភាពខ្លាំងរបស់ខ្សែរឿងនេះ។
លោកឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្មបានអះអាងថា ដោយសារតែខ្សែរឿង«សង្សារខ្ញុំក្រមុំកូន១» ជារឿងដែលបានសម្រិតសម្រាំងសម្រាប់ឆ្នាំ២០១៦នេះ និងជារឿងដែលមានការរំពឹងខ្ពស់លើសពីរឿង«ភូមិអត់មនុស្ស» និងរឿង«ទង់ព្រលឹង»ដែលទទួលការគាំទ្រខ្លាំង ទើបលោកសម្រេចដាក់បញ្ចាំងគ្រប់រោងនៅភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ សីហា តទៅ ដើម្បីឲ្យត្រូវនឹងបរិបទសិស្សទី១២ ទើបនឹងបានប្រលងជាប់។ លោកថាដើមទុនផលិតរឿងនេះចំណាយខ្ពស់មិនខុសពីរឿងមុនៗនោះទេ ប៉ុន្តែអ្វីដែលមានការខុសប្លែកគឺសាច់រឿង ប្លង់ និងការរៀបចំឈុតឆាកឲ្យល្អ ព្រមជាមួយនឹងការសម្រាំងតួសម្ដែងនោះតែម្ដង។
នៅក្នុងពិធីសម្ពោធនោះ គេកត់សម្គាល់ថាតារាសិល្បៈយ៉ាងច្រើនកុះករបង្ហាញខ្លួនធ្វើជាតារាកិត្តិយស ដោយមិនគ្រាន់តែតារាដែលបានសម្ដែងនៅក្នុងរឿងនោះឡើយ។ ផលិតករបញ្ជាក់ថារឿងនេះ នឹងរំពឹងទាក់ទាញអ្នកទស្សនាមិនក្រោម៥០ម៉ឺននាក់នោះឡើយ ដោយសារតែយោងលើរឿងមុនៗទទួលបានអ្នកទស្សនាលើសពីកន្លះលាននាក់មុនពេលទម្លាក់ផ្លាកពីរោង។
ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងពិធីសម្ពោធរឿង«សង្សារខ្ញុំក្រមុំកូន១» របស់ផលិតកម្ម Red Picture
មតិយោបល់