ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា រងការខូចខាត នៅខណ្ឌឬស្សីកែវ!

ភ្នំពេញៈ រថយន្ត២គ្រឿងឈប់ស្តុប រថយន្ត១គ្រឿងទៀតជាន់ហ្វ្រាងមិនទាន់ជ្រុលបុកពីក្រោយបណ្តាលឲ្យរថយន្ត២គ្រឿងរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៧០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តចំនួន២គ្រឿងឈប់ស្តុប មួយគ្រឿងម៉ាក ឡិចស៊ីស ពណ៌ស្ករ មិនចាំស៊េរី និងស្លាកលេខ ឈប់ខាងមុខរថយន្តម៉ាកកូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2J-3343 ខណៈនោះស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងទៀតម៉ាកCanter ពណ៌ស្លាទុំ ពាក់ស្លាកលេខ កំពង់ចាម2A-2284បើកក្នុងល្បឿនមធ្យមទិសដៅពីកើតទៅលិច ជាន់ហ្រាងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាកកូរ៉ូឡា ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉ូឡា រុលទៅមុខបុករថយន្ត ឡិចស៊ីស ពីក្រោយបណ្តាលឲ្យកំពិតកាងរថយន្ត ឡិចស៊ីសពីក្រោយ ចំណែករថយន្តកូរ៉ូឡាប៉ោងកំរបនិងធ្លាក់ស្តុបមុខព្រមទាំងដាច់កាងក្រោយផ្នែកខាងស្តាំ ចំណែករថយន្តបង្កមិនរងការខូចខាតនោះទេ។

ក្រោយពេលកើតហេតុរថយន្ត ឡិចស៊ីស បានបន្តដំណើរទៅមុខ ចំណែកភាគីរថយន្តបង្កនិងម្ចាស់រថយន្តកូរ៉ូឡាដោះស្រាយគ្នា ក្រោមវត្តមានសមត្ថកិច្ចមូលដ្ឋានដោយភាគីខាងរថយន្តបង្កចេញថ្លៃការជួសជុលការខូចខាតទៅម្ចាស់រថយន្តកូរ៉ូឡា៕

មតិយោបល់