ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថបញ្ជូនក្មេងទំនើង៥នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី

បន្ទាយមានជ័យ: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា​ នៅថ្ងៃអាទិត្យ ៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បញ្ជូនក្មេងទំនើងចំនួន០៥នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ក្រោយឃាត់ខ្លួនពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅវេលាម៉ោង ០៣ និង១៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៧ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោករវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនបង្ករចំនួន៥នាក់ភ្លាមៗ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ កាំបិតខ្វែវចំនួន ០៤ដើម (ដងដែកចំនួន០២ដើម និងដងឈើចំនួន ០២ដើម), និងម៉ូតូចំនួន០៣គ្រឿង ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

លោកវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តឱ្យដឹងទៀតថា ៖ ជនបង្កទាំង៥នាក់មាន៖ ១/- ឈ្មោះ ឡេង ប៉ឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២/-ឈ្មោះ សៀក សុខអាន ភេទប្រុស អាយុ ១៧ឆ្នាំ, ៣/-ឈ្មោះ ហាត់ កុយ (ហៅ ចាន់) ភេទប្រុស អាយុ១៨ឆ្នាំ, ៤/-ឈ្មោះ មៅ ពិឈិញ ភេទប្រុស អាយុ ១៧ឆ្នាំ, ៥/-ឈ្មោះ ឌី រ៉ាឌិន ភេទប្រុស អាយុ ២០ឆ្នាំ ។ ក្មេងទំនើងទាំង០៥នាក់នេះ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង០៥នាក់ ក្រោយពីកម្លាំងសួរនាំរួច បានឆ្លើយសារភាពថា ពួកគេមានគ្នា០៩នាក់ ជិះម៉ូតូ០៣គ្រឿង បានធ្វើសកម្មភាពដេញកាប់ទៅលើ ជនរងគ្រោះឈ្មោះ ផាត សុវណ្ណារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ពិតប្រាកដមែនព្រោះតែរឿងគំនុំ តែកាប់មិនបានសម្រេចទេ ព្រោះជនរងគ្រោះបានរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋដើម្បីឱ្យគេជួយ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ ផ្អែកលើចម្លើយសារភាពនិងបង្រ្កាបដកហូតបានវត្ថុតាងជាក់ស្តែង និងអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ ២០២២នេះ ចំណែកបក្សចំនួន០៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ដោយមិនទុកឲ្យពួកនេះបង្កព្យុះភ្លៀងតាមទំនើងចិត្តនោះឡើយ ៕

 

មតិយោបល់