ព័ត៌មានជាតិ

ខឹងរឿងយកទូរស័ព្ទខ្លួនទៅបញ្ចាំយកលុយចាយអស់​ កាប់គេរបួសធ្ងន់ ត្រូវអាវុធហត្ថឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ បានឲ្យដឹងថា ជនសង្ស័យ២នាក់ កាប់ជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ដែលកំពុងចុះល្បាតចាប់ឃាត់ខ្លួន នៅចំណុចម្ដុំផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា ៖ ក្រោយពីមានអំពើហិង្សា កម្លាំងកងរាជអាវុធហត្ថក្រុង បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ វី ខាន់ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត មកប្តឹងសមត្ថកិច្ចទាំងរបួសដៃហូរឈាម ថាជនដៃដល់២នាក់ កាប់ខ្លួនឲ្យរបួស កម្លាំងកងរាជអាវុធហត្ថយើង បានស្រាវជ្រាវចាប់បានជនសង្ស័យទាំង២នាក់ ១/-ឈ្មោះ ហម សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ ងឿន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដកហូតវត្ថុតាងរួមមាន ៖ កាំបិតចំនួន២ដើម កាំបិតបុ័ងតោ១ដើម និងកាំបិតកែច្នៃ១ដើម ហើយនាំខ្លួនពួកគេមកសាកសួរ នៅបញ្ជាការដ្ឋាន។

លោកមេបញ្ជាការបានបញ្ជាក់ថា ៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ២នាក់ បានសារភាពថា ពួកគេពិតជាបានយកកាំបិតដេញកាប់ឈ្មោះ វី ខាន់ បណ្ដាលឲ្យរងរបួសពិតប្រាកដមែន ដោយសារខឹងឈ្មោះ វី ខាន់ បានយកទូរស័ព្ទរបស់ខ្លួន ទៅបញ្ចាំយកលុយចាយអស់។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុជហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការ អាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះហើយដែរ៕

មតិយោបល់