ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកលឿនបុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង៤០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥៧B ជិតវិទ្យាល័យពេជ្រចិន្ដា ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន០១លើក រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ។

យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរថយន្តមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ (រថយន្តបើករត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បុកចំពីក្រោយម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1N-5440 អ្នកបើកបរឈ្មោះ សួង យូឡុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់ត្រង់ផ្នែកក្បាល)។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿនទើប បណ្ដាលបុកពីក្រោយម៉ូតូពេញទំហឹងតែម្តង ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ចំណែករថយន្តនគរបាលស្រុកកំពុងធ្វើការស្រាវជ្រាវ ដើម្បីរង់ចាំដំណោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់