បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផែ្នកជំនាញនគរ បាលយុត្តិធម៌ ធ្វើការនាំខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ ស្មៀន ជ្រឹម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវជុំវិញពាក្យបណ្តឹងរបស់ឈ្មោះ រស់ សូយទី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ពីករណីប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស លើជនរងគ្រោះជាកូនស្រីរបស់គាត់ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនបែបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះប្តឹងចោទប្រកាន់ចំពោះជនសង័្សយ ថាបានប្រព្រឹត្តិបទប្រទូស្តកេរ្តិ៍ខ្មាស មានស្ថានទម្ងន់ទោស ទៅលើកូនស្រីរបស់គាត់ជាអនីតិជន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ដែលករណីនេះគាត់ស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង័្សយខាងលើ ។
ផ្តើមពីពាក្យបណ្តឹងបែបនេះ និងស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្នងការ ទើបសមត្ថកិច្ចនគរបាលស្រុក ធ្វើការនាំខ្លួនជនសង័្សយ មកធ្វើការសាកសួរស្រាវជ្រាវតែម្តង ហើយនៅពេលធ្វើការសាកសួរស្រាវជ្រាវរួច សមត្ថកិច្ចនគរបាលបានរៀបចំ កសាងសំណុរឿងបញ្ជូនជនសង័្សយខាងលើមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តទោសទៅតាមនីតិវិធីច្បាប់ ។
ទិដ្ឋភាពខាងលើនេះ បានបញ្ជាក់ឱ្យឃើញថា គ្រប់ករណីដែលសមត្ថកិច្ចនគរបាលទទួលបាន គឺត្រូវបានចាត់វិធាន ការស្រាវជ្រាវ ស៊ើបអង្កេត ដោយពុំមានការបោះបង់ ឬមិនបានយកចិត្តទុកដាក់ឬមិនបានចាត់វិធានការនោះឡើង ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបនិងសូមកុំឱ្យមានការភាន់ច្រឡំ ចំពោះករណីខាងលើនេះ ជាមួយគ្នានេះ សមត្ថកិច្ចនគរបាល សូមអរគុណចំពោះការផ្តល់ព័ត៌ពីគ្រប់មជ្ឈដ្ឋាន មកដល់សមត្ថកិច្ចនគរបាល និងសូមបន្តការសហការល្អដោយភាតរភាព សូមអរគុណ ៕


មតិយោបល់