ព័ត៌មានជាតិ

រន្ធត់ណាស់! ស្លាប់ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុករថយន្តដឹកខ្សាច់

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ ចតនៅលើចិញ្ចើមផ្លូវពេញទំហឹង ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ភា អាយុជាង៣០ឆ្នាំ ស្រុកកំណើតនៅខេត្តបាត់ដំបង ។

នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូធុនធំមួយគ្រឿងឌុបគ្នា ពាក់ស្លាកលេខភ្នំពេញ 1HW 6105 ធ្វើដំណើរទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ។ លុះពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខភ្នំពេញ 3A 8438 កំពុងឈប់លើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវរថយន្តដឹកយកទៅសង្គ្រោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
រីឯសាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់