ព័ត៌មានជាតិ

អ្នកស្លាប់ដោយសារកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិកកើនលើស ២០០,០០០នាក់

(អាហ្វ្រិក)៖ មនុស្សសរុបជាង ២០០,០០០នាក់បានស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងទ្វីបអាហ្វ្រិកដែលមានប្រទេសសរុបចំនួន ៥៤ គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុប ២០០,២៥៤នាក់ ត្រូវបានកត់ត្រានៅទ្វីបអាហ្វ្រិកដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់ គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។

អង្គការសុខភាពពិភពលោកបានប្រកាសថា ប្រសិនបើការស្លាប់ដោយផ្ទាល់ ឬដោយប្រយោលទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេគិតគូរចូលទៅក្នុងតួលេខនោះ ចំនួនពិតប្រាកដអាចកើនឡើងទ្វេដង ឬបីដងឯណោះ។

បើតាមសារព័ត៌មាន AFP ទ្វីបអាហ្វ្រិកមានអត្រាអ្នកបានទទួលការចាក់វ៉ាក់សាំង ក្នុងកម្រិតទាបបំផុត ព្រោះរហូតមកទល់នឹងបច្ចុប្បន្ន បើគិតជាអត្រា វ៉ាក់សាំងតែចំនួន «៨ដូស» ប៉ុណ្ណោះត្រូវបានផ្ដល់ការចាក់ជូន ក្នុងចំណោមប្រជាជន «១០០នាក់» បើប្រៀបធៀបទៅនឹង «១០២ដូស» នៅទ្វីបអឺរ៉ុប និង «១១៦ដូស» នៅសហរដ្ឋអាមេរិក និងកាណាដា ក្នុងចំណោម ១០០នាក់ដូចគ្នា៕

ប្រភព៖​​​​​​ AFP

មតិយោបល់