ព័ត៌មានជាតិ

ចិនបើករថយន្តស៊េរីទំនើប ដេញបុកជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប បណ្តាលឲ្យជ្រុលបុកហាងលក់ទូរស័ព្ទ

ភ្នំពេញ: នៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មានករណីជនជាតិចិន បើករថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង ពណ៌ខ្មៅ ជិះដេញជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូប ជ្រុលទៅបុកហាងលក់ទូរស័ព្ទ បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនចេញពីខារ៉ាអូខេមួយកន្លែង នៅត្រង់ម្តុំបូកគោ ដោយបានហៅរថយន្ត ស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AU-3200 ។ លុះពេលរថយន្តមកដល់ខាងមុខ ជនជាតិចិនបានយកវ៉ាលីស ដាក់ចូលទៅក្នុងរថយន្តផ្នែកគូទខាងក្រោយ ។ ពេលនោះស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឃ្លិច ពណ៌ក្រហម- ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IX-1642 មកដល់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួន ត្រូវម្ចាស់កាបូបដែលជាជនជាតិ ចិនឡើងបើករថយន្តជិះដេញតាមជនសង្ស័យ មកទាន់ត្រង់ចំណុចផ្លូវលេខ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ហើយបាន បុកម៉ូតូជនសង្ស័យដណ្តើមបានកាបូបមកវិញ ប៉ុន្តែរថយន្តបានជ្រុលទៅបុកហាងលក់ទូរស័ព្ទមួយកន្លែងដែលនៅក្បែរនោះ បណ្តាលឲ្យរងការខូចខាតទាំងរថយន្តផងដែរ ។ ចំណែកជនសង្ស័យទាំងពីរនាក់ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូ ១គ្រឿងនៅកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីសាកសួរព័ត៌មាន ។ ហេតុការករណីខាងលើនោះ ក្រុមការងារនៃអង្គភាពព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ការ យ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់