ព័ត៌មានជាតិ

បុរស ២នាក់ ជិះម៉ូតូបំពានភ្លើងស្តុប បុកម៉ូតូស្រ្តីម្នាក់ពេញទំហឹងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរស ២នាក់ របួស ខណៈជិះម៉ូតូ ១គ្រឿងឌុបគ្នាបំពានភ្លើងស្តុបក្រហមហើយ ក៏ជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់ពេញទំហឹង ខណៈកំពុងជិះឆ្លងផ្លូវពេលភ្លើងស្តុបខៀវ បណ្ដាលឲ្យដួលគរលើគ្នាហើយបុរសទាំង ២នាក់នោះបានរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗ ចំណែកស្រ្តីម្នាក់នោះរងរបួសស្រាល។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់កើតឡើងគេបានឃើញម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1M-1698 ១គ្រឿងជិះដោយបុរស ២នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុគាត់អត់បានឈប់ទេ បន្ថែមល្បឿនបំពានភ្លើងស្តុបកំពុងលោតក្រហម ហើយក៏ជ្រុលទៅបុកស្រ្តីម្នាក់ ដែលកំពុងជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JB-0548 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវ ក្នុងពេលភ្លើងស្តុបលោតខៀវ បណ្ដាលឲ្យដួល
រងរបួសធ្ងន់ទាំង ២នាក់។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុបុរស ២នាក់នោះ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ រីឯស្រ្តីដែលជិះម៉ូតូឆ្លងផ្លូវនោះរងរបួសស្រាលមិនបានទៅមន្ទីរពេទ្យឡើយ។ បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះទៅធ្វើការវាស់វែង និងនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់