ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីយកដុំសាកថ្មទូរស័ព្ទទៅបញ្ចាំឲ្យជនរងគ្រោះបានចំនួន ៥ពាន់រៀល តែជនរងគ្រោះមិនយក ក៏កាប់ជាច្រើនកាំបិត

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតបុ័ងតោ កាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលរបស់ជនសង្ស័យដែលនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ធី ឡាយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឆេង សារ៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរសន្តិសុខយាមបុរីប៊ូអៅ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីលោក វរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ អោយដឹងថា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ជនសង្ស័យបានយកដុំសាកថ្មទូរស័ព្ទទៅបញ្ចាំឲ្យជនរងគ្រោះចំនួន ៥ពាន់រៀល ពេលនោះជនរងគ្រោះមិនបានយក ហើយក៏បានដេញជនសង្ស័យចេញពីកន្លែងធ្វើការ រហូតដល់ម៉ោង ៤និង២០នាទីទៀបភ្លឺ ជនសង្ស័យក៏បានយកកាំបិតបុ័ងតោពីផ្ទះទៅកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យរងរបួស បន្ទាប់មកក្រុមការងារក៏បានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក៏បានឃាត់ខ្លួនជនសង្ស័យនៅបន្ទប់ជួលរបស់ខ្លួន ដែលស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ យកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕

មតិយោបល់