បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូទៅបុកប៉ះជាមួយរថយន្តដឹកឥដ្ឋ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីល្ងាច ក្នុងទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ០៣៧៣-០៣៧៤ ស្ថិតនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ 1I-8514 សៀមរាប បើកបរដោយឈ្មោះ ផង់ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរពីទិសខាងលិចទៅកើត បើកក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាពបើកដល់ចំណុចកើតហេតុ បានបុកប៉ះជាមួយរថយន្តម៉ាកមីស៊ុយប៊ីហ្ស៊ីកែឆ្នៃ ពណ៌ស-ក្រហម គ្មានផ្លាកលេខ ដឹកឥដ្ឋ ក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច ដែលកំពុងប្តូរគន្លងបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកម៉ូតូរបួសធ្ងន់ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ ចំពោះវត្ថុតាងម៉ូតូធ្ងន់និងរថយន្តខូចខាតស្រាល នគរបាលជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ អ្នករងរបួសយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕


មតិយោបល់